(កំពង់ឆ្នាំង)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញជំនឿថា សមយុទ្ធនាគមាស ឆ្នាំ២០២៣ លើកទី៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងជួយពង្រឹងសមត្ថភាពទ័ពកម្ពុជា ដើម្បីឆ្លើយតបស្ថានការណ៍ពិភពលោក។

ការបង្ហាញជំនឿបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងពិធីបិទសមយុទ្ធរួមគ្នា «នាគមាស-ឆ្នាំ២០២៣» លើកទី៥ រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន ដែលធ្វើឡើងនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ព ទាំងពីរកម្ពុជា-ចិន» នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា សមយុទ្ធរួមគ្នានេះ ក៏ស្របនឹងពេលវេលាខាងមុខនេះដែលកម្ពុជាធ្វើជាប្រធានការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដូច្នេះ ការហ្វឹកហ្វឺនរបៀបនេះ នឹងធ្វើឱ្យកម្ពុជាស្ទាត់ជំនាញ ដើម្បីបំពេញការងារឱ្យបានទាន់ពេលវេលា ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា សម្រាប់សមយុទ្ធនាគមាសលើកទីនេះ គឺជាការរំលឹកឡើងវិញនូវមេរៀនដែលយើងចាត់ទុកថាជាការការពារព្រឹត្តិការណ៍ធំៗ នៅកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញជំនឿយ៉ាងដូច្នេះថា៖ «សមយុទ្ធនេះ គឺការបង្កើនសមត្ថភាព ភាពស្ទាត់ជំនាញនៃផ្នែកនីមួយៗ ដើម្បីបំពេញការងារឱ្យប្រាកដប្រជា ត្រឹមត្រូវតាមប្រធានបទទាំងនោះគឺជាការរួចចំណែកមួយ សព្វថ្ងៃនេះពិភពលោកមានការស្មុគស្មាញច្រើនដែរ ដូច្នេះ ការសមយុទ្ធនេះ គឺឆ្លើយតបយ៉ាងមានប្រសិទ្ធភាព»

ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា នៅពេលខាងមុខនេះកម្ពុជានឹងពង្រីកសមត្ថភាពធ្វើសមយុទ្ធឱ្យកាន់ធំបន្ថែមទៀត ដោយបន្ថែមចំនួនផែនធ្វើសមយុទ្ធដែលគិតថាមានភាពចាំបាច់ជាដើម។

សូមបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៣ លើកទី៥នេះ បានដំណើរការរយៈពេល២០ថ្ងៃ ដោយមានកម្លាំងចូលរួមចំនួន ២,៨៣១នាក់ ក្នុងនោះកងយោធពលខេមរភូមិន្ទ ២,៧៧៤នាក់ និងកងទ័ពរំដោះប្រជាជនចិន២៥៧នាក់៕