(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាចំនួន៥លានរៀល ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនអង្គការសកម្មភាពលើយុវវ័យពិការ ដើម្បីអភិវឌ្ឍន៍ ដែលមានអាសយដ្ឋាន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពិធីប្រគល់ថវិកានេះ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ថវិកា៥លានរៀលដែលផ្តល់ជូននេះ គឺសម្រាប់ឧបត្ថម្ភកម្មវិធីប្រគុំតន្ត្រីជនពិការ សប្បុរសធម៌លើកទី៣ ឆ្នាំ២០១៦ ក្រោមប្រធានបទ «រួមគ្នាចែករំលែកក្តីមេត្តាចំពោះជនពិការ» ដែលនឹងប្រារព្ធនៅឆាកតន្ត្រីផ្សាររាត្រីរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ខាងមុខ។ កម្មវិធីប្រគុំតន្ត្រីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បី ស្វែងរកថវិកាទ្រទ្រង់ បង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនពិការ បង្ហាញពីស្នាដៃសិល្បៈជាសាធារណៈ និងនាំយកនូវក្តីសង្ឃឹមថ្មី សម្រាប់ជនពិការនៅទូទាំងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សួរសុខទុក្ខដល់ជនពិការទាំងអស់ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរ លើកទឹកចិត្ត និងផ្តល់ក្តីស្រឡាញ់ជូនជនពិការគ្រប់ៗគ្នា និងសូមជូនពរដល់ការប្រគុំតន្ត្រីបានជោគជ័យ ទទួលបានការគាំទ្រច្រើនពីសប្បុរសជន។
សូមបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានឧបត្ថម្ភថវិកា ដល់ការប្រគុំតន្ត្រីរបស់អង្គការនេះម្តងរួចមកហើយ កាលពីឆ្នាំ២០១៥ និងបានចាត់សហការីចុះចែកអំណោយ ដល់អង្គការម្តងរួចហើយដែរ៕