(វៀងចន្ទន៍, ឡាវ)៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ ប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គ និងតំណាងជាន់ខ្ពស់ នៃប្រទេសដៃគូអភិវឌ្ឍន៍ បានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពិភាក្សាក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់ អាងទន្លេមេគង្គ-ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព»។ នៅមុនពិធីបើកកិច្ចប្រជុំកំពូលផ្លូវការ មេដឹកនាំនៃប្រទេសមេគង្គ បានអញ្ជើញកិច្ចប្រជុំចង្អៀត។

នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំទាំងអស់បានរំលឹកឡើងវិញ នូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ ដោយចីរភាព នៃអាងទន្លេមេគង្គ និងការបង្កើតឡើង គណៈកម្មការទន្លេមេគង្គ (MRC) ដោយតំណាងរដ្ឋាភិបាល នៃបណ្ដាប្រទេសក្នុងអាងទន្លេមេគង្គក្រោម ដោយផ្អែកលើទស្សនៈវិស័យ សម្រាប់អាងទន្លេទាំងមូល និងដោយឈរ លើប្រវត្តិដ៏យូរអង្វែង នៃកិច្ចសហប្រតិបត្តិការមេគង្គចាប់តាំងពីឆ្នាំ១៩៥៧មក ដែលពេលនោះ បានបង្កើតឡើងនូវគណៈកម្មាធិការសម្រាប់សម្របសម្រួលការស្រាវជ្រាវក្នុងអាងទន្លេមេគង្គក្រោម។

មេដឹកនាំទាំងអស់ បានកត់សម្គាល់នូវសកម្មភាពជាអាទិភាព និងការប្តេជ្ញាចិត្តដែលបានកំណត់ និងធ្វើមុនកិច្ចប្រជុំកំពូល MRC និងភាពប្រទាក់ក្រឡាគ្នាជាបន្ត ជាមួយនឹងប្រទេសជាសមាជិក MRC រួមមានចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី១ ក្នុងឆ្នាំ២០១០ នៅទីក្រុងហួហ៊ីន ប្រទេសថៃ ក្រោមមូលបទ ការបំពេញតាមតម្រូវការ ដោយរក្សាបាននូវតុល្យភាព៖ ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព, កិច្ចប្រជុំកំពូលលើកទី២ ក្នុងឆ្នាំ២០១៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្រោមមូលបទ សន្តិសុខទឹក ស្បៀងអាហារ និងថាមពល ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងកិច្ចប្រជុំកំពូលលើកទី៣ ក្នុងឆ្នាំ២០១៨ នៅទីក្រុងសៀមរាប ប្រទេសកម្ពុជា ក្រោមមូលបទ ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។

មេដឹកនាំនៃប្រទេសមេគង្គ បានទទួលស្គាល់នូវសារៈសំខាន់ នៃការរួមចំណែករបស់អាងទន្លេមេគង្គ ចំពោះផ្នែកពាក់ព័ន្ធនឹងទឹកនៃរបៀបវារៈ សហប្រជាជាតិ សម្រាប់ការអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០, កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ, ក្របខណ្ឌសេនដៃ សម្រាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយសម្រាប់ឆ្នាំ២០១៥-២០៣០, របៀបវារៈអាស៊ាន ស្ដីពីសមាហរណកម្មតំបន់ ការតភ្ជាប់ និងការបិទគម្លាតអភិវឌ្ឍន៍ក្នុងសហគមន៍អាស៊ាន និងតម្រូវការសម្រាប់ការងើបឡើងវិញដ៏រឹងមាំពីជំងឺឆ្លងកូវីដ-១៩ ក្នុងស្ថានភាពមានការវិវត្តប្រែប្រួល និងបញ្ហាប្រឈមក្នុងតំបន់និងអន្តរជាតិ មានលក្ខណៈស្មុគ្រស្មាញ ដែលក្នុងបរិបទនេះ មេដឹកនាំទាំងអស់បានអះអាងសារជាថ្មី នូវគុណតម្លៃនៃកិច្ចសហប្រតិបត្តិការពហុភាគី។

មេដឹកនាំនៃប្រទេសមេគង្គ បានទទួលស្គាល់នូវភាពបន្ទាន់ចាំបាច់ជុំវិញបញ្ហាប្រឈមហានិភ័យ និងកាលានុវត្តិភាពសំខាន់ៗ ដែលបណ្តាប្រទេសក្នុងអាងទន្លេមេគង្គក្រោម កំពុងជួបប្រទះនាពេលបច្ចុប្បន្ន និងអនាគត ដែលកើតឡើងដោយអន្តរកម្ម នៃការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុ នោះការគ្រប់គ្រងទឹកឲ្យប្រសើរបំផុត ដើម្បីសម្រេចឲ្យបាននូវសន្តិសុខ ទឹកក្នុងអាងទន្លេមេគង្គ គឺមានសារៈសំខាន់ សម្រាប់និរន្តរភាពបរិស្ថាន និងទ្រទ្រង់សុខុមាលភាពសេដ្ឋកិច្ច និងសង្គម របស់សហគមន៍ក្នុងអាងទន្លេមេគង្គ ក៏ប៉ុន្តែទន្ទឹមនឹងនោះ ក៏ត្រូវស្វះស្វែងរកនូវគំនិតថ្មីៗ និងវិធីសាស្ត្រធ្វើការរួមគ្នាប្រកបដោយនវានុវត្តន៍ ដើម្បីដោះស្រាយឲ្យបានគ្រប់គ្រាន់ ឆ្លើយតបនឹងហានិភ័យដែលចេះតែកើនឡើង និងផលចំណេញខាតពាក់ព័ន្ធនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍អាងទន្លេ។

មេដឹកនាំ MRC បានទទួលស្គាល់ នូវការលើកកម្ពស់កាលានុវត្តភាពសម្រាប់សន្តិសុខទឹក ស្បៀងអាហារ និងថាមពលដែលមាន សម្រាប់ប្រទេសក្នុងអាងទន្លេមេគង្គទាំងអស់ អាចកើតមានបានតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រសិនបើប្រទេសទាំងអស់ធ្វើការរួមគ្នា។

មេដឹកនាំទាំងអស់បានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃអង្គការអាងទន្លេ ដែលផ្អែកលើសន្ធិសញ្ញាដ៏រឹងមាំ និងមានចីរភាពផ្នែកហិរញ្ញវត្ថុ ក្នុងស្ថានភាពដែលមានការវិវត្តផ្នែកស្ថាប័នសម្រាប់ការគ្រប់គ្រងទឹក និងធនធានពាក់ព័ន្ធ ក្នុងអាងទន្លេមេគង្គ និងបានស្វាគមន៍ចំពោះការចូលរួមកាន់តែកើនឡើងពីប្រទេសតាមដងទន្លេទាំងអស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាង ដោយឈរស្មារតី នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ពិសេសទទួលស្គាល់ នូវការចូលរួម និងកិច្ចសហប្រតិបត្តិការរបស់ដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងទៀតរបស់ MRC និងការប្ដេជ្ញាចិត្តរបស់ពួកគេ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជាសមាជិករបស់ MRC។

បន្ទាប់មកបណ្តាមេដឹកនាំនៃប្រទេសមេគង្គ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គរបស់គណៈកម្មការទន្លេមេគង្គលើកទី៤។ កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ វៀតណាម និងប្រតិភូតំណាងជាន់ខ្ពស់មកពីប្រទេសថៃ មីយ៉ាន់ម៉ារ ចិន រួមទាំងតំណាងដៃគូ នៃប្រទេសអភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គ។

បន្ទាប់ពីការអញ្ជើញថ្លែងសុន្ទរកថាបើក ដោយនាយករដ្ឋមន្រ្តីឡាវ Sonexay Siphandone រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹៈ ក្រោមមូលបទ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ-ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព ក្នុងខ្លឹមសារទាំងស្រុងដូចតទៅ នៅក្នុងកិច្ចប្រជុំកំពូលរបស់គណៈកម្មការទន្លេមេគង្គលើកទី៤នេះដែរ មេដឹកនាំនៃប្រទេស MRC បានឈានទៅចេញការអនុម័តលើសេចក្តីថ្លែងការណ៍ក្រុងវៀងចន្ទន៍លើចំណុចសំខាន់ៗ មួយចំនួនរួមមាន៖

១៖ ទទួលស្គាល់ នូវសមិទ្ធផល និងការវិវត្តសំខាន់ៗ របស់ MRC ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការរួមចំណែកជាបន្តបន្ទាប់ ដល់កិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាព និងផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជាសមាជិក និងជាមួយដៃគូនានារបស់យើង និងជាពិសេស៖ ការបង្កើត និងការចែករំលែកចំណេះដឹង ត្រូវបានពង្រឹង ដែលនេះ បានជួយគាំទ្រធ្វើឲ្យការរៀបចំផែនការ និងការសម្រេចចិត្តមានលក្ខណៈកាន់តែប្រសើរឡើង ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងរបាយ ការណ៍ស្តីពីស្ថានភាពអាងទន្លេឆ្នាំ២០១៨ និងការសិក្សាស្រាវជ្រាវ ព្រមទាំងការវាយតម្លៃផ្នែក បច្ចេកទេសផ្សេងៗ ដែលរួមទាំងការស្រាវជ្រាវរួមគ្នា ជាមួយប្រទេសចិនមីយ៉ាន់ម៉ា វិទ្យាស្ថានគ្រប់គ្រង ទឹកអន្តរជាតិ អង្គការសហប្រជាជាតិ និងដៃគូដទៃទៀត។

២៖ វាយតម្លៃខ្ពស់ចំពោះការបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេក ទេស ពីដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលបានផ្តល់ជូនដល់ MRC និងប្រទេសជាសមាជិក និងកិច្ចសហប្រតិបត្តិការរបស់ដៃគូសន្ទនា MRC និងភាគីពាក់ព័ន្ធទាំងអស់ នាំឲ្យសម្រេចបាននូវសមិទ្ធផលទាំងនេះ និងសមិទ្ធផលផ្សេងទៀត។

៣៖ ទទួលស្គាល់ថា សមិទ្ធផលទាំងនេះ បានបង្កើតជាមូលដ្ឋានគ្រឹះថ្មី និងប្រសើរជាងមុន ដើម្បីឲ្យ MARC សម្រេចបានយ៉ាងពេញលេញនូវអាណត្តិ និងមុខងារស្នូលរបស់ខ្លួន ក្នុងនាមជាអង្គការអាងទន្លេ តាមរយៈ ៖ (ក) ការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព និងប្រសើរបំផុត ដោយទន្ទឹមនោះបង្កើននូវសន្តិសុខទឹក ក្នុងតំបន់ និងបង្កើតភាពធន់នឹងអាកាសធាតុ (ខ) ការបំពេញបន្ថែមចំពោះការរៀបចំផែនការថ្នាក់ជាតិ ជាមួយនឹងការធ្វើផែនការសម្រាប់អាងទាំងមូល និងបើចាំបាច់ ត្រូវមានកិច្ចសម្របសម្រួលលើប្រតិបត្តិការ អាង (គ) ការផ្ដល់ព័ត៌មានជាបន្ត និងប្រកបដោយតម្លាភាព អំពីស្ថានភាពបច្ចុប្បន្ន និងនាពេលអនាគត ដើម្បីធ្វើឲ្យប្រសើរឡើងនូវការជូនដំណឹងជាមុន (ឃ) ការបង្កើនភាពជាម្ចាស់ និងសមត្ថភាពរបស់ ប្រទេសជាសមាជិក សម្រាប់ការអនុវត្តមុខងារស្នូលក្នុងការគ្រប់គ្រងអាងទន្លេ និង (ង) ការអភិវឌ្ឍស្ថាប័ន MRC ជាបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ឲ្យកាន់តែមានកម្រិតខ្ពស់ជាងមុន ដែលនេះជាការចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអាង។

៤៖ ទទួលស្គាល់ អំពីកាលានុវត្តភាពជាច្រើនសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លើគ្រប់វិស័យទាំងអស់ ដែលពាក់ព័ន្ធនឹងទឹក រួមទាំងផ្នែក វារីអគ្គិសនី ធារាសាស្ត្រ នាវាចរណ៍ និងផ្នែកផ្សេងទៀត និងថា ការផ្តល់សន្តិសុខទឹក ដើម្បីការពារសង្គម ពីហានីភ័យទឹកជាពិសេសគ្រោះទឹកជំនន់ និងភាពរាំងស្ងួត គឺមានសារៈ សំខាន់ខ្លាំងណាស់ដែលជាផ្នែករួមមួយ នៃការវិនិយោគតាមវិស័យផ្សេងទៀត និងក៏ជាឱកាសសម្រាប់ការអភិវឌ្ឍន៍ផងដែរ។

៥៖ ទទួលស្គាល់ថា ទន្ទឹមនឹងការអភិវឌ្ឍ និងការប្រើប្រាស់ទឹកទន្លេមេគង្គ នឹងរួមចំណែកយ៉ាងសំខាន់ដល់ កំណើនសេដ្ឋកិច្ច តែវាក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងររួមទាំងផលប៉ះពាល់ឆ្លងដែនដែលតម្រូវឲ្យមានការ ដោះស្រាយរួមគ្នាលើផ្នែកបរិស្ថាន និងសហគមន៍ដែលងាយរងគ្រោះក្នុងអាង ផងដែរ ជាពិសេសនៅពេល ដែលមានបច្ច័យបន្ថែមកើតចេញពីការប្រែប្រួលអាកាសធាតុ មានដូចជា គ្រោះទឹកជំនន់ និងភាពរាំងស្ងួតធ្ងន់ធ្ងរ, ការហូរច្រោះនិងកំណកកករល្បាប់, ផលប៉ះពាល់នៃការប្រែប្រួលយ៉ាងរហ័សនៃកម្រិតកម្ពស់និង រំហូរទឹកទន្លេនៅក្នុងផ្នែកខ្លះនៃអា និងការធ្លាក់ចុះនៃធនធានបរិស្ថាននិងជលផល ដោយរួមទាំង ដោយសារការបាត់បង់នៃការតភា្ជប់គ្នា។

៦៖ រំលឹកឡើងវិញថា ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអាងដែលមានលក្ខណៈកាន់តែស្មុគ្រស្មាញជាងមុននោះយើង ត្រូវការទាំងជម្រើសនៃការអភិវឌ្ឍ និងការគ្រប់គ្រង ដើម្បី ធានាបាននូវចីរភាពនៃមូលដ្ឋាន ធនធានបរិស្ថាន, កំណត់នូវជម្រើសដំណោះស្រាយវិនិយោគនិងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយអំពី ទំនាក់ទំនងគ្នារវាងវិស័យផ្សេងៗ, គិតគូរលើសពីការធ្វើផែនការធនធានទឹកដោយដាក់បញ្ចូលនូវការ គ្រប់គ្រងកិច្ចប្រតិបត្តិការដោយរួមទាំងតាមរយៈឱកាសសម្រាប់កិច្ចសម្របសម្រួលឆ្លងដែនជាពិសេសលើ ការចែករំលែកឲ្យបានទាន់ពេលនិងទៀងទាត់នូវទិន្នន័យនៃការប្រតិបត្តិការទំនប់និងហេដ្ឋារចនាសម្ព័ន្ធ ទឹកផ្សេងទៀត, និងដើម្បីកំណត់គម្រោងវិនិយោគរួមគ្នាដែលរួមចំណែកដល់សន្តិសុខទឹក ស្បៀងអាហារ និងថាមពល។

៧៖ ការកំណត់តាមរយៈការរៀបចំផែនការតំបន់បែបបុរេសកម្ម ដែលនាំឲ្យបង្កើតបាននូវផែនការបណ្ដុំអាង ទន្លេ គម្រោងវិនិយោគរួមថ្មីៗនិងថ្នាក់ជាតិដែលមានសារៈសំខាន់សម្រាប់អាងទាំងមូល និងសកម្មភាព ពាក់ព័ន្ធដែលអាចបង្កើនភាពស៊ីសង្វាក់គ្នា និងកាត់បន្ថយភាពងាយរងគ្រោះនៅកម្រិតអាង និងនៅថ្នាក់ ជាតិ ហើយដែលផ្តល់នូវការឆ្លើយតបដ៏ទូលំទូលាយទៅនឹងការប្រែប្រួលអាកាសធាតុ ដោយរួមទាំងតាម រយៈ ហេដ្ឋារចនាសម្ព័ន្ធនិងជម្រើសអាងស្តុកទឹកតាមបែបធម្មជាតិ ដែនកំណត់បរិស្ថាននិងការធ្វើឲ្យ ប្រសើរការគ្រប់គ្រងកំណកកករល្បាប់ ហើយដែលគាំទ្រដល់ការអនុវត្តផែនការតាមវិស័យថ្នាក់តំបន់រួមគ្ន ដែលលើសពីផ្នែកដែលទាក់ទងនឹងទឹក ដូចជាការផលិតថាមពលកកើតឡើងវិញនិងដែលមិនពាក់ព័ន្ធង នឹងទឹក, ការតភ្ជាប់និងការធ្វើឱ្យប្រសើរនូវបណ្តាញខ្សែបញ្ជូនថាមពលក្នុងតំបន់, ការអភិវឌ្ឍទីផ្សារនិង ពាណិជ្ជកម្មថាមពល និងមជ្ឈមណ្ឌលដឹកជញ្ជូនពហុផ្នែក។

៨៖ ផ្ដល់លទ្ធភាពឲ្យបណ្តាប្រទេសតាមអាងទន្លេ ជួយសហគមន៍ដើម្បីអាចសម្របខ្លួនទៅនឹងស្ថានភាពទន្ល ដែលការប្រែប្រួល ដោយត្រូវធានានូវប្រព័ន្ធទំនាក់ទំនង និងការជូនដំណឹងឲ្យបានទាន់ពេលវេលា និង ដែលមានប្រសិទ្ធភាពជាងមុន សម្រាប់រំហូរទឹកដែលខុសពីធម្មតាបញ្ហាគុណភាពទឹក ទឹកជំនន់និងភាព រាំងស្ងួត និងគ្រោះអាសន្នដែលពាក់ព័ន្ធនឹងទឹកផ្សេងទៀត ទាំងក្នុងចំណោមប្រទេសមេគង្គនិងសហគមន៍ តាមអាងទន្លេ និងដោយត្រូវរួមគ្នាបង្កើនការចែករំលែកទិន្នន័យប្រតិបត្តិការពីហេដ្ឋារចនាសម្ព័ន្ធទឹកឲ្យបាន ទាន់ពេលវេលានិងជាប្រចាំ សម្រាប់ការត្រៀមបង្ការនិងការឆ្លើយតប ឲ្យបានកាន់តែប្រសើរជាងមុន។

៩៖ គាំទ្រដល់ការសេចក្តីសម្រេចលើការអភិវឌ្ឍ និងកិច្ចប្រតិបត្តិការ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកាន់តែប្រសើរ ដោយរួមទាំងការលើកកម្ពស់ ការគាំទ្រការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីអនុវត្តគ្រប់មុខងារគ្រប់គ្រង អាងទន្លេ មានជាអាទិ៍ ផ្នែកការពិនិត្យតាមដានពាក់ព័ន្ធនឹងទឹកនិងការគ្រប់គ្រងប្រតិបត្តិការអាង រហូតដល់ ផ្នែកការវាយតម្លៃ និងការធ្វើផែនការយុទ្ធសាស្ត្ររយៈពេលវែង។
១០៖ ធានាថា ការពិគ្រោះយោបល់ ត្រូវបានធ្វើឡើងក្នុងលក្ខណៈកាន់តែមានប្រសិទ្ធភាពជាងមុន ដើម្បីសម្រេច បាននូវគោលបំណងរួមតាមរយៈការអនុវត្ត៖ ក្នុងភាពជាដៃគូជាមួយដៃគូសន្ទនា MRC, វេទិកាអ្នកពាក់ព័ន្ធ ចម្រុះសម្រាប់អាងទាំងមូល ការបង្កើនសកម្មភាពរួមគ្នានិងប្រកបដោយនវានុវត្តន៍ជាមួយវេទិកាសហ ប្រតិបត្តិការតំបន់ផ្សេងទៀត ដៃគូអភិវឌ្ឍន៍ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងភាគី ពាក់ព័ន្ធដទៃទៀត។

១១៖ ការពង្រឹងការគ្រប់គ្រងអាងទន្លេទាំងមូល ស្របតាមអាណត្តិរបស់ MRC តាមរយៈនវានុវត្តភាពក្នុងគោល នយោបាយ បច្ចេកវិទ្យា និងយន្តការ សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយក្របខណ្ឌកិច្ច សហប្រតិបត្តិការតំបន់ដែលពាក់ព័ន្ធមេគង្គ ផ្សេងទៀត។

១២៖ ការរក្សា និងស្វែងរកហិរញ្ញប្បទានប្រកបដោយនវានុវត្តភាព ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងខាងលើ ដោយរួមទាំងតាមរយៈប្រភពសាធារណៈនិងឯកជនថ្មីៗ និងយន្តការផ្ដល់មូលនីធិសកល។

១៣៖ ធានាថា MRC គឺស្ថិតក្នុងអន្តរការដោយចីរភាព ឆ្ពោះទៅស្វ័យភាពផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងនៅត្រឹមឆ្នាំ២០៣០ ដោយរួមទាំងតាមរយៈ ការអភិវឌ្ឍស្ថាប័នជាបន្តដែលពង្រឹងសមត្ថភាពរបស់ MRC) និងស្ថាប័ន ជាតិដើម្បីអនុវត្តមុខងារស្នូលក្នុងការគ្រប់គ្រងអាងទន្លេ រួមទាំងការទទួលបាននូវទិន្នន័យពាក់ព័ន្ធនឹងទឹក និងការពិនិត្យតាមដានដែលគាំទ្រដោយក្រុមជំនាញអាងទន្លេរួម បណ្តាញពិនិត្យតាមដានទន្លេប្រកប ដោយប្រសិទ្ធភាព, ការពង្រឹងការអនុវត្តនីតិវិធីរបស់ MRC និងយន្តការពាក់ព័ន្ធ, ទម្រង់ការងារ និងការទទួលយកទៅប្រើប្រាស់នូវយុទ្ធសាស្ត្រ និងគោលការណ៍ណែនាំថ្នាក់តំបន់។

១៤៖ យើងសូមអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តរបស់យើង ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងបន្ថែម ទៀតនូវតួនាទីរបស់ MRC ក្នុងការជួយធានាឲ្យអាងទន្លេមេគង្គ មានសន្តិសុខទឹក ស្បៀងអាហារ និង ថាមពល និងប្រកបដោយចីរភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

១៥៖ ស្វាគមន៍ចំពោះការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកការធ្វើផែនការថ្នាក់តំបន់បែបបុរេសកម្ម និងការ គ្រប់គ្រងកិច្ចប្រតិបត្តិការដោយមានការសម្របសម្រួល និងសូមអំពាវនាវឲ្យបណ្តាប្រទេសតាមដងទន្លេ ដៃគូនិងភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការជាមួយ MRC ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីនានា ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងសម្រាប់ឆ្នាំ២០២១-២០៣០ ស្របតាមសេចក្ដីថ្លែងការណ៍នេះ និងទន្លេមេគង្គតែមួយ ស្មារតីតែមួយ។

និង១៦៖ ប្រគល់ភារកិច្ចឲ្យ MRC ត្រូវសម្របសម្រួល និងពិនិត្យតាមដានការអនុវត្តសេចក្ដីថ្លែងការណ៍នេះ។

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលមេគង្គលើកទី៤ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចមក នៅរសៀលថ្ងៃដដែលនោះដែរ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរចាកចេញពីរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងដំណើរនិវត្តន៍មកកាន់រាជធានីភ្នំពេញ។

នៅអាកាសយានដ្ឋានអន្តរជាតិវត្តី វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជារួមមាន៖ លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឡាវ ថ្នាក់ដឹកនាំរដ្ឋធានីវៀងចន្ទន៍ និងឥស្សរជនការទូតរបស់កម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាច្រើនរូប៕