(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០២៣ ក្រុមហ៊ុន ជីប ម៉ុង ដែលដឹកនាំដោយលោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិក ក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល និងអ្នកឧកញ៉ា លាង ម៉េង ប្រធានក្រុមអគ្គនាយក បានឧបត្ថម្ភថវិកា ៧០ ម៉ឺនដុល្លារអាមេរិក ជូនចំពោះកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ក្នុងឱកាសខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣។
ក្នុងជំនួបនេះដែរ អ្នកឧកញ៉ា លាង ឃុន បានមានប្រសាសន៍ថា ក្រុមហ៊ុន ជីប ម៉ុង ពិតជាមានកិត្តិយសដែលតែងតែបានរួមចំណែកជារៀងរាល់ឆ្នាំ ក្នុងនាមជាវិស័យឯកជនជាមួយស្ថាប័នមនុស្សធម៌ដ៏ធំ គឺកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីផ្ដល់ការឆ្លើយតបដ៏មានប្រសិទ្ធភាពចំពោះទុក្ខលំបាកនានារបស់ប្រជាជនយើង ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អ្នកឧកញ៉ា បានបន្តថា អំណោយសប្បុរសធម៌របស់ក្រុមហ៊ុន ជីប ម៉ុង នឹងអាចរួមចំណែកជួយឲ្យកាកបាទក្រហមកម្ពុជាអាចបន្ដផ្ដល់សកម្មភាពមនុស្សធម៌ ផ្តល់ទីជម្រក អាហារ និងតម្រូវការចាំបាច់ផ្សេងទៀតដល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាក និងងាយរងគ្រោះបំផុតបានទាន់ពេលវេលា និងដោះស្រាយបញ្ហាប្រឈមនានាដើម្បីពង្រឹងភាពធនសហគមន៍ ព្រមទាំងរៀបចំយុទ្ធនាការអប់រំផ្សេងៗ។
អ្នកឧកញ៉ា ជឿជាក់ថា សកម្មភាពផ្ដល់ទៅសង្គមវិញរបស់ក្រុមហ៊ុននឹងចូលរួមលើកកម្ពស់វិស័យមនុស្សធម៌ និងបណ្ដុះស្មារតីចែករំលែក និងការយកចិត្តទុកដាក់លើប្រជាពលរដ្ឋគ្រប់រូប។
សូមជម្រាបថា ក្រុមហ៊ុន ជីប ម៉ុង ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ ២០០១ រៀងមក ដែលរហូតមកដល់ឆ្នាំ២០២៣នេះ សរុបថវិកាប្រមាណជិត ៦លានដុល្លារអាមេរិក ហើយដែលក្នុងនោះថវិកាចំនួន ១លាន ២សែនដុល្លារអាមេរិក គឺបានឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ៦២៨គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាត់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន ជីប ម៉ុង គឺជាអាណាចក្រជំនួញដែលបានចាក់ឫសនៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ ១៩៨២ មក និងបានពង្រីកពាណិជ្ជកម្មរហូតដល់ ១៣ ក្នុងវិស័យជាច្រើនដូចជា វិស័យសំណង់ អភិវឌ្ឍអចលនទ្រព្យ ភេសជ្ជៈ ផ្សារទំនើប ធនាគារ ក្លឹបវាយកូនហ្គោល សណ្ឋាគារ ។ល។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជារីកចម្រើនប្រកបដោយនិរន្តភាព ជីប ម៉ុង បាន និងកំពុងផ្សារភ្ជាប់ខ្លួនយ៉ាងជិតស្និទ្ធជាមួយសកម្មភាពអភិវឌ្ឍសង្គម និងបរិស្ថាន ដូចជាការកសាងសាលារៀន បង្កើតឱកាសការងារ បណ្ដុះបណ្ដាលយុវជន ផ្ដល់អាហារូបករណ៍STEM រួមចំណែកកាត់បន្ថយចំណាកស្រុក និងភាពក្រីក្រ សកម្មភាពដាំដើមឈើ ការសាងសង់ស្ពាន និងផ្លូវថ្នល់ ការប្រើប្រាស់បច្ចេកវិទ្យាដែលគិតគូរដល់បរិស្ថាន និងការឧបត្ថម្ភថវិកាក្នុងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត៕