(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា បច្ចុប្បន្ននេះ នៅកម្ពុជា មានទីភ្នាក់ងារព័ត៌មានបរទេស និងការិយាល័យ តំណាងវិទ្យុ ទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍នៅកម្ពុជា មានចំនួន ១៧អង្គភាព និងសមាគមសារព័ត៌មានសរុបមានចំនួន ៥១អង្គភាព។ សមិទ្ធផលទាំងនេះ បានបង្ហាញអំពីការបើកទូលាយសិទ្ធិ សេរីភាព នៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន ព្រមទាំងសក្តានុពលសក្ដានុពលនៃប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងកម្ពុជា។

ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកបានអញ្ជើញបើកសន្និបាតបូកសរុបផលទ្ធផលការងារឆ្នាំ៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៣-២០២៨ របស់ក្រសួងព័ត៌មាន ដោយអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីរាជការនៃក្រសួងព័ត៌មានមួយ នៅទីស្តីការក្រសួងព័ត៌មាន។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ជាក់ស្តែងបច្ចុប្បន្នសារព័ត៌មានបោះពុម្ពផ្សាយតាមបែបប្រពៃណីរួមមាន៖ កាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានចំនួន ៦៦១អង្គភាព គេហទំព័រ និងទូរទស្សន៍អនឡាញ មានចំនួន ៨៧៨អង្គភាព វិទ្យុ FM ដែលកំពុងដំណើរការផ្សាយមានចំនួន ២២១ស្ថានីយ ទូរទស្សន៍ផ្សាយ ផ្ទាល់មានចំនួន ១៩ស្ថានីយ និងផ្សាយបន្តមានចំនួន ១៦៥ស្ថានីយ ទូរទស្សន៍ផ្កាយរណបមានចំនួន ២ស្ថានីយ (Sky One និងតេជោ DTV) ទូរទស្សន៍ឌីជីថល (Pay TV) មានចំនួន៤ស្ថានីយ និងទូរទស្សន៍ ប្រភេទ OTT (Over The- Top) មាន ៦ស្ថានីយ។

លោក ខៀវ កាញារីទ្ធ បានឱ្យដឹងថា ប្រទេសកម្ពុជា គឺជាប្រទេសតែមួយគត់នៅគ្រាយុទ្ធនាការប្រឆាំងជំងឺកូវីដ១៩ ដែលបានរាប់បញ្ចូលអ្នកសារព័ត៌មាន ជាក្រុមអាទិភាព​ ដោយទទួលាបានការចាកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ដូច្នេះ អ្នកសារព័ត៌មាននៅកម្ពុជា មានការទទួលស្គាល់ និងការគោរពបានយ៉ាងល្អពីសំណាក់រាជរដ្ឋាភិបាល មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋចាដើម។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ជាមួយនឹងការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងដោយមានការខិតខំប្រឹងប្រែងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការព្រមទាំងមានកិច្ចសហការ ល្អរវាងប្រព័ន្ធផ្សព្វផ្សាយជាតិ និងវិស័យឯកជនធ្វើឱ្យក្រសួងព័ត៌មាន សម្រេចបាននូវសមិទ្ធផលយ៉ាង ត្រចះត្រចង់ជាច្រើន គឺបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធថ្ងៃទី១០-១៤ ខែមិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ» នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី មានការចូលរួមពីប្រតិភូបរទេស និងអ្នកកាសែតជាតិ-អន្តរជាតិចំនួន៦០០នាក់ មកពីបណ្តាប្រទេសចំនួន៤២៕