(ភ្នំពេញ)៖ យ៉ាងហោចណាស់មានទណ្ឌិត ចំនួន៦៦៨នាក់ បានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌។
ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៣។
អង្គប្រជុំបានពិនិត្យលើបញ្ជីឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសមានចំនួនសរុប ៦៦៨នាក់ ក្នុងនោះ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានចំនួន ៣៤៥នាក់ និងទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យវិសាខបូជាមានចំនួន ៣២៣នាក់៕