(ក្រចេះ)៖ លោកស្រី ខាំ សុភាព ប្រធានក្រុមការងារខេត្ត ចុះជួយក្រុងក្រចេះ និងជាតំណាងប្រធានគណៈកម្មាការគ្រប់គ្រងសាលាវិទ្យាល័យខូវ ប៊ុនស៊ុនក្រចេះក្រុង និងក្រុងការងារ បានអញ្ជើញចូលរួមកម្សាន្តទស្សនា និងអបអរសាទរជាមួយសិស្សានុសិស្ស ក្នុងពិធីសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ២០២៣ ដែលនឹងឈានចូលនាពេលខាងមុខនេះ។ ព្រឹត្តិការណ៍សង្ក្រាន្តនេះ ធ្វើឡើងនៅវិទ្យាល័យខូវប៊ុនស៊ុនក្រចេះក្រុង នៅរសៀលថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០២៣។
យុវតី ភឿន សៀវម៉េង ដែលបានចូលរួមលេងកម្សាន្ត បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងបានយល់ដឹងនិងឃើញច្បាស់អំពីតម្លៃនៃមរតកវប្បធម៌ដូនតាខ្មែរ និងបានបញ្ជាក់ឲ្យដឹងថា ការធ្វើសង្រ្កាន្តនេះឡើង គឺដើម្បីជួយដាស់តឿនដល់យុវជន ជាពិសេសក្មេងជំនាន់ក្រោយឲ្យដឹងអំពីវប្បធម៌របស់ដូនតាខ្មែរ ដឹងពីល្បែងប្រជាប្រិយជាច្រើនជារបស់យើង និងដាស់ស្មារតីឲ្យត្រូវចូលរួមថែរក្សា ការពារឲ្យបានល្អ ទុកជាសម្បតិ្តបេតិភណ្ឌជាតិ។
ក្នុងឱកាសនោះ លោកស្រី ខាំ សុភាព បានសម្តែងនូវភាពរីករាយមោទនៈ និងធ្វើការកោតសសើរចំពោះការផ្តួចផ្តើមខិតខំប្រឹងប្រែង បង្កើតឲ្យមានកម្មវិធីនេះឡើងដែលស្តែងចេញអំពី ស្មារតីមិត្តភាព សាមគ្គីភាព ក្នុងន័យចូលរួមថែរក្សាលើកស្ទួយសម្បត្តិវប្បធម៌ប្រពៃណីជាតិ ទៅដល់ស្រទាប់យុវជន យុវនារី ក្មួយៗសិស្សានុសិស្សដែលជាអ្នកបន្តវេន ឲ្យបានស្គាល់បានយល់ដឹងពីមរតវប្បធម៌របស់ខ្លួន តាមរយៈទស្សនាកម្សាន្តនូវការសម្តែងរបាំ ការលេងល្បែងប្រជាប្រិយរបស់ប្អូនៗក្មួយៗ ប្រកបដោយភាពសប្បាយរីករាយ និងអត្ថន័យអប់រំ។
លោកស្រី បន្តទៀតថា ពីធីបុណ្យសង្ក្រានឆ្នាំថ្មីនេះ គឺជាពិធីបុណ្យជាតិប្រចាំឆ្នាំដ៍ធំមួយ ក្នុងចំណោមបុណ្យជាតិផ្សេងៗទៀត ដូចជា៖ ភ្ជុំបិណ្ឌ និងបុណ្យអុំទូក អកអំបុក សំពះព្រះខែជាដើម។ ចំពោះអត្ថន័យរៀបចំបុណ្យចូលឆ្នាំថ្មី ពីធីសង្ក្រាន្ត មានតាំងពីបុរាណកាលមក ប្រជាពលរដ្ឋខ្មែរតែងតែគោរពប្រតិបត្តិព្រហ្មញ្ញសាសនា រហូតមកដល់ព្រះពុទ្ធសាសនា ដែលមានជំនឿលើក្បួនហោរាសាស្ត្រ និងការផ្លាស់ប្តូរទេវតាឆ្នាំថ្មី ហើយទេវតាឆ្នាំថ្មីនាំឱ្យមានលាភជ័យ និងសុខទុក្ខតាមជំនឿឆាំ្ននីមួយៗ។
ក្រៅពីពិធីសាសនា ក្នុងរយៈពេលបីថ្ងៃនៃបុណ្យចូលឆ្នាំនេះ មនុស្សម្នាទាំងចាស់ទាំងក្មេង ប្រជុំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗ ដែលនេះហើយជាតម្លៃដែលឆ្លុះបញ្ចាំងនូវសាមគ្គីភាព ពិសេសផ្តល់ឲ្យយុវជនដែលជាអ្នកបន្តវេនឲ្យចេះស្រឡាញ់ និងថែរក្សាមរតក វប្បធម៌ ប្រពៃណីជាតិ ប្រកបដោយមោទនៈភាពជាតិ ដែលបាននឹងកំពុងជ្រកក្រោមម្លប់សន្តិភាព។
កម្មវិធីសង្រ្កាន្តឆ្នាំថ្មីនៃវិទ្យាល័យខូវ ប៊ុនស៊ុន ក្រចេះក្រុងនេះ ប្រារព្ធឡើងមានរយៈពេលមួយថ្ងៃពេញ ក្នុងនោះមានការសម្តែង របាំ ចម្រៀង ពិសេសដូចជា៖ ទស្សនារបាំរាំហ្មដំរី ទស្សនារបាំត្រុដិ ទស្សនាក្បាច់ចូកកំពឹស ទស្សនារបាំកាប់ក្របីផឹកស្រា ទស្សនារបាំគោះអង្រែ ការសម្ដែងជួយថែសិល្បៈដូនតា មោទនភាពជាតិខ្មែរ ទស្សនារបាំជូនពរ ទស្សនាការរាំក្បាច់នារីខ្មែរ ទស្សនារការរាំក្បាច់ និងទស្សនាការរាំណាំណាវ៕