(សៀមរាប)៖ «នំបញ្ចុកសៀមរាប» ដែលផលិតឡើងតាមបែបបុរាណ មានរសជាតិឆ្ងាញ់ និងកេរ្តិ៍ឈ្មោះល្បីល្បាញ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តសៀមរាប ចុះសិក្សា និងវាយតម្លៃដើម្បីចុះក្នុងបញ្ជីម៉ាកសមូហភាព និងរៀបចំការចងក្រងរូបមន្តនៃការផលិត។

នៅក្នុងមហាសន្និបាតកំណើតដំបូងរបស់ក្រុមអ្នកផលិត និងអាជីវករនំបញ្ចុកសៀមរាប ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣, លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការចុះបញ្ជីម៉ាកសមូភាពនំបញ្ចុកសៀមរាបនាពេលនេះ គឺដើម្បីចងក្រងសៀវភៅបន្ទុកមួយ និងរូបមន្តនៃការផលិតនំបញ្ចុកសៀមរាប ពីព្រោះថាកន្លងមក ប្រជាពលរដ្ឋអ្នកផលិតនំបញ្ចុកនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី តែងតែផលិតនំបញ្ចុកឡើងតាមទម្លាប់ពីដូនតាយើងមក ប៉ុន្តែពុំទាន់បានចងក្រងជាឯកសារអំពីរូបមន្តនៃការផលិតនៅឡើយទេ។

ដូច្នេះហើយទើបនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអាជីវករ ផលិតករនំបញ្ចុកសៀមរាប និងអាជ្ញាធរមូលដ្ឋាន ដើម្បីចងក្រងរូបមន្តនៃការផលិតនំបញ្ចុកសៀមរាប មួយថាគេប្រើគ្រឿងផ្សំអ្វីខ្លះ បានធ្វើឱ្យនំបញ្ចុកសៀមរាប មានរសជាតិឆ្ងាញ់ពិសេសជាងគេ ហើយការចងក្រងនេះអាចទុកប្រើប្រាស់ជារួម និងរក្សាទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ ការចុះបញ្ជីម៉ាកសមូភាពនេះទៀតសោត ក៏អាចទាក់ទាញភ្ញៀវទេសចរមកទទួលទាននំបញ្ចុកបានកាន់តែច្រើន។

លោកបានបន្តកថា នៅថ្ងៃអនាគតនឹងមានការជំរុញឱ្យមានការវិចខ្ចប់នំបញ្ចុកក្រៀមសម្រាប់ការនាំចេញផងដែរ។

លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានលើកឡើងដែរថា ដើម្បីជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញការកែច្នៃផលិតផលនាំចេញ ដូចមានចែងនៅក្នុងយុទ្ធសាស្រ្ត សមាហរណកម្មពាណិជ្ជកម្មឆ្នាំ២០១៩-២០២៣ ក្រសួងពាណិជ្ជកម្មបាននិងកំពុងបង្កើនល្បឿនចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដោយក្នុងនោះនំបញ្ចុកសៀមរាបក៏ត្រូវបានកំណត់ ជាផលិតផលសក្តានុពលត្រូវចុះបញ្ជីម៉ាកសមូហភាព ដើម្បីលើកកម្ពស់ភាព ប្រកួតប្រជែងនំបញ្ចុករបស់កម្ពុជានៅលើទីផ្សារជាតិនិងអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មគ្រោងដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមមាន៖ អំបិលកំពតកែប បង្កងតាកែវ និងទឹកត្រីកំពតនិងកែប។ ក្រៅពីនេះមានការចុះម៉ាកសមូហភាពអំបុកកំពង់ធំ នំបញ្ចុកសៀមរាប ក្រូចថ្លុងកោះពីរ និងដូងខ្ទះបាត់ដំបង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្វពិធីទិវាកម្មសិទ្ធិបញ្ញាពិភពលោក ដែលកម្ពុជាជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។

ជាមួយនេះដែរ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលមានសក្តានុពលចំនួន ៤ រួមមាន៖ ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងបានចុះបញ្ជីម៉ាកសមូហភាពចំនួន៣ រួមមាន៖ គុយទាវភ្នំពេញ អំបុកកំពង់ធំ និងអង្ករព្រះវិហារផងដែរ៕