(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ អ៉ី ឈាន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ យោធិនពិការ ៣១៧តេជោភ្នំឆត្រ ក្នុងភូមិតេជោភ្នំឆត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងវឌ្ឍនភាពការអនុវត្តការងារកន្លងមកដោយលោកឧត្តមសេនីយ៍ត្រី ជា ព្រឿង នាយកស្តីទីមជ្ឈមណ្ឌលយោធិនពិការ ៣១៧តេជោ ភ្នំឆត្ររួចមក, នាយឧត្តមសេនីយ៍ អ៉ី ឈាន បានកោតសរសើរ ចំពោះការដឹកនាំ និងការអភិវឌ្ឍន៍ សមិទ្ធផលនានាក្នុងអង្គភាព ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ អគារ ការសាងស្ថានីយ៍ផលិតទឹកស្អាត សម្រាប់ប្រើប្រាស់ក្នុងអង្គភាព និងអាចធ្វើអាជីវកម្ម ដើម្បីបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ ក្នុងអង្គភាពផងដែរ។
ក្នុងឱកាសនោះ លោកបាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនយោធិនពិការ និងគ្រួសារផងដែរ។
លោកបានរម្លឹកថា សង្គ្រាមកន្លងទៅបានធ្វើឲ្យបងប្អូនទាំងអស់ ធ្លាក់ខ្លួនពិការ រហូតមកដល់សព្វថ្ងៃនេះ។ តែទោះបីជាយ៉ាងណា ក្រោយបានទទួលសន្តិភាពពេញលេញ១០០% ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន គឺមិនបានបោះបង់ចោលបងប្អូន ដែលបានបូជាអវៈយវៈឡើយ គឺសម្តេចតេជោ តែងតែនឹករលឹក គិតគូរ និងឧបត្ថម្ភជារឿយៗដល់បងប្អូនកងកម្លាំង និងអតីតយុទ្ធជនគ្រប់ៗគ្នាតែម្តង។
លោកក៏បាននាំយកនូវអំណោយដែលមាន៖ អង្ករ ៥តោន ភេសជ្ជៈ និងថវិការបស់ក្រសួងការពារជាតិចំនួន ៥លានរៀល ឃីត១ (ត្រីខ មី ស្ករស ទឹកដោះគោ) ថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តម ឧបត្ថម្ភដល់យោធិនពិការ ចំនួន៦២៩នាក់ ក្នុងម្នាក់ៗ អង្ករ មី ភេសជ្ជៈ អំបិល ស្ករស ទឹកដោះគោ និងថវិកាចំនួន ៤ម៉ឺនរៀល។
ជួយឧត្ថម្ភកសាងស្ថានីយ៍ទឹកស្អាតបន្ថែម ជួយថ្លៃសាងសង់របង ជួសជុលអគារ សរុប ចំនួន ៥៤៥០ដុល្លារ។ ឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូ ២១នាក់ ម្នាក់ៗថវិកា ៤០០០០រៀល សិស្សានុសិស្ស៣០៩នាក់ ម្នាក់ៗសៀវភៅ ប៊ិច ថវិកា៥០០០រៀល៕