(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សារខេត្តកំពង់ស្ពឺ និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្រ្តីរាជការជាថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង/ស្រុក និងមន្រ្តីរាជការដែលចូលនិវត្តន៍ នាឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះ។

ក្នុងពិធីជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកអភិបាលក្រុង/ស្រុក កងកម្លាំងទាំង៣ ថ្នាក់ដឹកនាំសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត ព្រមទាំងនិវត្តន៌ជនចូលរួមជាង១២០០នាក់ នៅបរិវេណសាលាខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ផ្នែកបានបំពេញតួនាទី ភារកិច្ចបានល្អរយៈ ពេលពេញ១ឆ្នាំកន្លងមក។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការ និងនិវត្តន៍ជន។ លោកថា​ «ក្រោមម្លប់សន្តិភាពប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនធ្វើឱ្យ កំណើនសេដ្ឋ កិច្ចមានការកើនឡើង ធានាបាននិរន្តរភាពសម្រាប់សេដ្ឋកិច្ចជាតិ»។

លោកអភិបាលខេត្ត បានបន្តថា មន្ត្រីនិវត្តជនបានចូលរួមឆ្លងកាត់ការលំបាកក្នុងអតីតកាល និងរៀបចំស្ដារឡើងវិញប្រព័ន្ធរដ្ឋបាល នេះជាការចាប់ផ្ដើមដំបូងឆ្លងកាត់ការលំបាកជួបប្រទះព្យុះភ្លៀងធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍរីកចម្រើន មកដល់បច្ចុប្បន្ន ហើយសមិទ្ធផលដែលកើតមានមកដល់សព្វថ្ងៃនេះ គឺបានមកពីការចូលរួមរបស់ពូ មីងជានិវត្តន៍ជនរបស់យើង។

ការជួបសំណេះសំណាលនេះ ធ្វើឡើងក្នុងស្មារតីផ្សាភ្ជាប់នូវមនោសញ្ចេតនា កតញ្ញូតាធម៌ រវាងមន្រ្តីកំពុងកាន់មុខដំណែង និងមន្រ្តីចូលនិវត្តន៍ ដែលបានខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក៕