(ភ្នំពេញ)៖ ក្រុមហ៊ុនកសិកម្មសិង្ហបុរី ដែល​កំពុង​វិនិយោគ​ដាំដំឡូងមី និងច្នៃជាម្សៅ ប្រកាស​ស្វែងរកដៃគូដាំដំឡូងមីកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុង និងក្រៅស្រុក ខណៈការ​បញ្ជាទិញម្សៅដំឡូងមី មានកំណើនខ្ពស់។

ក្រុមហ៊ុន អេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីត និង ក្រុមហ៊ុន ហុង ឡៃហួត គ្រុប លីមីតធីត ដែលជាក្រុមហ៊ុនសឹង្ហបុរី បានវិនិយោគជាច្រើនឆ្នាំ មកហើយ នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន បានបង្កើតមជ្ឈមណ្ឌលកសិកម្មកកម្ពុជា-សិង្ហបុរី (CSAH) លើផ្ទៃដីប្រមាណ ១ម៉ឺនហិកតា ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បី​ប្រមូល​ផ្តុំការវិនិយោគចំរុះលើវិស័យ កសិកម្ម ដូចជាការកែច្នៃចំណីអាហារ ចិញ្ចឹមសត្វ ទីកន្លែង​ពាណិជ្ជ​កម្ម និងចម្ការថាមពល ព្រះអាទិត្យជាដើម។

ក្រុមហ៊ុន អេច អិល អេច អាហ្រ្គីខលឈ័រ (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន ហុង ឡៃហួត គ្រុប លីមីតធីត បានវិនិយោគលើការដាំពោត និងដំឡូងមី និងកែច្នៃជាម្សៅមី សម្រាប់នាំចេញទៅក្រៅប្រទេសលើទីតាំងខាងលើតាំងពីឆ្នាំ២០០៨ មកម្ល៉េះ បន្ទាប់ពីខ្លួន​ទទួល​បានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល។

បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងធ្វើសកម្មភាពដាំដុះដំឡូងមី និងកែច្នៃជាម្សៅមី នាំទៅ​កាន់​​ទីផ្សារក្រៅប្រទេស និងផ្គត់ផ្គង់ក្នុងស្រុកផងដែរ។ ដោយសារការបញ្ជាទិញម្សៅ​មី​ពី​ក្រៅប្រទេស និងតម្រូវការក្នុងស្រុកកាន់តែច្រើន ក្រុមហ៊ុនបានរិះរកលទ្ធភាព​ពង្រីកការ​ដាំ​ដុះដំឡូងមី ឱ្យបានកាន់តែច្រើន នៅលើផ្ទៃដីដ៏ល្វឹងល្វើយ ដែលខ្លួនទទួលបានសិទ្ធិ​វិនិ​យោគ​ពីរាជរដ្ឋាភិបាលនោះ។

ក្រុមហ៊ុន ប្រកាសយកផ្ទៃដីរហូតដល់ ៥,០០០ហិកតា ក្នុងដំណាក់កាលទី១ នៅឆ្នាំ​២០២៣​នេះ ដើម្បីធ្វើសហប្រតិបត្តិការ​រួមគ្នា និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីដាំដុះ​ដំឡូង​​មី ហើយយកទៅកែច្នៃក្នុងរោងចក្ររបស់ក្រុមហ៊ុន ដែលមានវត្តមាននៅទីនោះ​ស្រាប់។

ក្រុមហ៊ុនសង្ឃឹមថា គំនិតផ្តួចផ្តើមនេះ អាចនឹងទាក់ទាញ ក៏ដូចជាស្វាគមន៍​វិនិយោគគិន ក្នុងវិស័យកសិកម្ម អ្នកម៉ៅការបន្ត កសិករ និងអ្នកជំនាញផ្សេងទៀត​ នៅទូទាំងប្រទេស​កម្ពុជា ឱ្យមកចូលរួមពិភាក្សាលើភាពជាដៃគូជាមួយក្រុមហ៊ុន ដើម្បីពង្រីកទីតាំងដាំ​ដុះ​ដំឡូង​មីរបស់ក្រុមហ៊ុន ដែលមានស្រាប់។

ក្រុមហ៊ុនស្វាគមន៍រាល់ដំណាំកសិកម្មគ្រប់ប្រភេទ ដែលនឹងត្រូវដាំដុះនៅក្រោម​ដំណាក់​កាល​​ទី១ ជាមួយការដាំដំឡូងមី បន្ទាប់មក គឺផ្លែស្វាយ ចេក អំពៅ ស្វាយចន្ទី និងដំណាំ​ដាំដុះជាច្រើនផ្សេងទៀត។ ស្ថិតក្រោមគំរូភាពជាដៃគូនេះ ក្រុមហ៊ុន​នឹងផ្តល់ជូនដី ហើយ​អ្នកម៉ៅការ ដែលបានចូលរួមសហការ នឹងរៀបចំដីដាំដុះ សម្អាតស្មៅ ព្រមទាំងប្រមូល​ផល​ដំណាំផងដែរ។

ប្រសិនបើអ្នកម៉ៅការជ្រើសរើសដាំដំឡូងមី នៅលើដីដែលបានបែងចែកនោះ ខាង​ក្រុម​ហ៊ុននឹងផ្តល់ជម្រើសធានាទិញយកមកវិញ ស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង​លើ​ការធ្វើសហប្រតិបត្តិការរួមគ្នារវាងក្រុមហ៊ុន និងអ្នកម៉ៅការ។ ក្រុមហ៊ុន ក៏បានដំណើរការ​រោង​ចក្រផលិតម្សៅមីនៅនឹងកន្លែងដែលអាចផលិតម្សៅមីបាន ១២០តោន និងត្រូវ​ការ​ដំឡូងមីរហូតដល់ ៥០០តោន សម្រាប់ការផលិតជារៀងរាល់ថ្ងៃ។

ក្រុមហ៊ុន ក៏គ្រោងនឹងបង្កើតមជ្ឈមណ្ឌលប្រមូលដំឡូងមីនៅនឹងកន្លែង ដើម្បីប្រមូលដំឡូង​មីពីកសិករនៅក្បែរនោះ។ បច្ចុប្បន្ន​ក្រុមហ៊ុន ​បាន​សាងសង់​ឃ្លាំង​ធំ​ចំនួន​ពីរ ​នៅ​នឹង​កន្លែង ​ដែល​អាច​ផ្ទុក​ដំឡូង​មី ​បាន​ប្រមាណ ​២០,០០០​តោន​ក្នុង​មួយ​ថ្ងៃ​។ ជាមួយ​ការ​អនុវត្ត​គម្រោងនេះ ប្រកបដោយជោគជ័យ ការផ្គត់ផ្គង់ដំឡូងមីកាន់តែមានស្ថិរភាព និងអាច​បង្កើត​​ឱកាសសម្រាប់វិនិយោគគិន ក្នុងការបង្កើតរោងចក្រផលិតម្សៅដំឡូងមីថ្មី នៅនឹង​កន្លែង។

ក្រុមហ៊ុនសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងជួយរួមចំណែកដល់ការរីកលូតលាស់ នៃវិស័យ​កសិកម្មរបស់ក្រកម្ពុជា ជាពិសេសលើសន្តិសុខស្បៀង និងស្របតាមគោលនយោបាយ គាំទ្ររបស់រាជរដ្ឋាភិបាលសម្រាប់វិស័យកសិកម្មកម្ពុជា។

លោក ឌីឡែន អុង (Dylan Ong) នាយកប្រតិបត្តិនៃក្រុមហ៊ុន HLH Agriculture (Cambodia) Co., Ltd បានមានប្រសាសន៍ថា «យើងមានទំនុកចិត្តថា នៅក្រោម​ដំណាក់​កាលទី១ គម្រោងដាំដុះដ៏ធំមួយនេះ នឹងរួមចំណែកបន្ថែម​ដល់សន្តិសុខ​ស្បៀង​របស់កម្ពុជា ព្រម​ទាំង​​បង្កើតយ៉ាងហោច ១០០,០០០កន្លែង ក្នុងស្រុកឱរ៉ាល់ ដើម្បីលើក​កម្ពស់ជីវភាព​រស់​នៅរបស់ប្រជាពលរដ្ឋ ក្នុងស្រុកឱរ៉ាល់ បង្កើនជំនាញចំណេះដឹង និង​ធ្វើ​ឱ្យ​ខេត្តឱរ៉ាល់​ក្លាយ​ជាអ្នកផលិតផលិតផលកសិកម្មធំជាងគេ និងអាចចូលរួមចំណែក​ធ្វើ​ឱ្យ​វិស័យកសិកម្ម​នៅ​កម្ពុជាកាន់តែរីកចម្រើន»

លោកអ្នកចាប់អារម្មណ៍លើការវិនិយោគនេះ ទាក់ទង អ្នកនាង តៃហ្វា (Tayfa) តាមរយៈលេខទូរស័ព្ទ ០៩៨ ២៩៧ ៩៩៩ និង០៧៨ ៧០៧ ៧២៧ ដើម្បីស្វែងយល់បន្ថែម និងសម្រាប់រៀប​ចំមក​ទស្សនាដោយផ្ទាល់៕