(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញក្នុងពិធីបង្ហូតទង់ថ្មី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ដើម្បីសុំសេចក្តីសុខ សិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

ពិធីនោះលោក ឃួង ស្រេង និងលោកស្រី បានប្រារព្ធពិធីតាមបែបសាសនា នៅក្នុងវិហារធំលើកំពូលវត្តភ្នំ រួចបន្តហែរទង់ព្រះពុទ្ធសាសនា (ទង់ជ័យឆព្វណ្ណរង្សី) មកខាងមុខព្រះវិហារ និងបានបង្ហូតទង់ទាំង២ឡើង។

ការប្រារព្វអោយមានពិធីនេះឡើង គឺដើម្បីឧទ្ទិសដល់ចល្លាមុនីចេតីយ៍ រំលឹកគុណដល់បុព្វកាលរីជន អ្នកកសាងវត្តភ្នំ កសាងរាជធានីភ្នំពេញ និងសុំឲ្យបុព្វកាលរីជនទាំងនោះ ជួយថែរក្សាប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញឲ្យជួបតែសេចក្តីសុខចំរើន មានសិរីសួស្តី ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ។

ទង់ជ័យឆព្វណ្ណរង្សី ដែលបានបង្ហូតឡើងនេះ តំណាងឲ្យជាតិសាសន៍ ឬព្រះពុទ្ធសានានៅលើពិភពលោក ធ្វើឲ្យពុទ្ធសាសនិក មានចិត្តស្ងប់ គោរពបូជា ចំពោះព្រះធម៌ និងរួមចិត្តថ្លើមគ្នា ដើម្បីបានសេចក្តីសុខសប្បាយរហូតតទៅ៕