(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនពរជនរួមជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ឈានចូល២៥៦៧ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ខាងមុខ។
តាមរយៈវីដេអូជិត៤នាទី លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ក្នុងឱកាសនៃការឈានមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខាងមុខលោកជឿជាក់ថា បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បានត្រៀមខ្លួនជួបជុំក្រុមគ្រួសារ និងត្រៀមធ្វើដំណើរកម្សាន្តជិតឆ្ងាយ ដើម្បីប្រារឰពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សប្បាយរីករាយបន្ទាប់ពីប្រជាជាតិកម្ពុជាទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
លោក ហ៊ុន ម៉ានី បានលើកឡើងទៀតថា ក្នុងឱកាសដ៏ប្រពៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្ ២០២៣ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម»។ ខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ នឹងរំលេចផ្ទាំងទស្សនីយភាព និងកម្មវិធីកម្សាន្តសប្បាយរីករាយកាន់តែច្បាស់ និងកាន់តែទាក់ទាញ ជូនដល់ប្រជាពលរដ្ឋ និងមិត្តភក្តិអន្តរជាតិ ដើម្បីមកចូលរួមសប្បាយរីករាយប្រកបដោយភាពកក់ក្តៅ និងស្នាមញញឹមជាមួយបទពិសោធល្អៗ នៅក្នុងមហាព្រឹត្តិការណ៍ដ៏ឱឡារិកនេះ ក្នុងចំណោមកម្មវិធីជាច្រើន ដែលមានគោលបំណងលើកស្ទួយវប្បធម៌ប្រពៃណីជាតិខ្មែរ។
អង្គរសង្ក្រាន្តឆ្នាំ២០២៣ ក៏នឹងមានការរៀបចំបំបែកឯកត្តកម្មពិភព ព្រមទាំងកម្មវិធីដើម្បីជំរុញផ្សព្វផ្សាយ និងចូលរួមអបអរសាទរឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះផងដែរ។
ក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី សូមថ្លែងអំណរគុណទុកជាមុន ជូនដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលនឹងបន្តបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលធ្វើដំណើរទៅលេងកម្សាន្តនៅទីជិតឆ្ងាយនៅទូទាំងប្រទេស នាអំឡុងពេល នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខាងមុខ។
ជាចុងបញ្ចប់ ក្នុងឱកាសខិតជិតមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លោកសូមប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបតែសុខភាពល្អសុភមង្គល និងទទួលជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមគោរពជូនពរបងប្អូន ដែលមិនមែនជាពុទ្ធសាសនិកជន នៅពរជ័យសិរីសួស្ដី ជ័យជម្នះគ្រប់ប្រការ កុំបីអាក់ខានឡើយ ហើយសូមធ្វើដំណើរប្រកបដោយភាព ប្រុងប្រយ័ត្ន សុខសុវត្ថិភាព និងចៀសផុតពីជំងឺនានាជាពិសេសជំងឺកូវីដ៕