(ភ្នំពេញ)៖ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងជាអនុប្រធានប្រចាំការនៃសមាអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានប្រគល់ប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសពលើកដំបូង ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ១៤គ្រួសារ មកពីខណ្ឌចំនួន៨ ក្នុងរាជធានីភ្នំពេញ។
នាឱកាសនោះលោកស្រី មុំ ចាន់ដានី បាននាំនូវការចូលរួមចែករំលែកទុក្ខ និងការសោកស្ដាយជាមួយគ្រួសារសព ក្នុងការបាត់បង់នូវសមាជិកអតីតយុទ្ធជនដែលមានគុណបំណាច់ ក្នុងការការពារអភិវឌ្ឍន៍ប្រទេសជាតិ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ គោរពជូនចំពោះគ្រួសារសពអតីតយុវជន ដែលបានបាត់បង់សមាជិក ក៏ដូចជាផ្ដាំផ្ញើ និងយកចិត្តទុកដាក់ដល់គ្រួសារសពអតីត ដើម្បីគិតគូរការផ្ដល់នូវគោលនយោបាយផ្សេងៗទៀត សម្រាប់ចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់គ្រួសារបងប្អូនសពអតីតយុទ្ធជន។
គ្រួសារអតីតយុទ្ធជន ចំនួន ១៤គ្រួសារ មកពីខណ្ឌចំនួន៨ រួមមានទី១៖ គ្រួសារសពនៅខណ្ឌទួលគោក ចំនួន២ គ្រួសារ, ខណ្ឌមានជ័យ ចំនួន ៦គ្រួសារ, ខណ្ឌបឹងកេងកង ចំនួន ១គ្រួសារ, ខណ្ឌដូនពេញ ចំនួន ១គ្រួសារ, ខណ្ឌពោធិ៍សែនជ័យ ចំនួន ១គ្រួសារ, ខណ្ឌចំការមន ចំនួន ១គ្រួសារ, ខណ្ឌ ៧មករា ចំនួន ១គ្រួសារ និងខណ្ឌសែនសុខ ចំនួន ១គ្រួសារ។
ជំនួសមុខឱ្យលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោកស្រី មុំ ចាន់ដានី បានសម្ដែងនូវការចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់សមាជិកគ្រួសារ ដែលបានទទួលមរណភាព ដែលជាអតីតយុទ្ធជនយើង ធ្លាប់បានចូលរួមចំណែកលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះ ការពារបូរណភាពទឹកដីរហូតទទួលបានជោគជ័យ កន្លងមក។
ជាមួយគ្នានោះ លោកស្រីប្រធានមន្ទីរ ក៏បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នៃបុព្វបុរសខ្មែរ ដែលបានពលីកម្មក្នុងបុព្វហេតុជាតិមាតុភូមិ សូមបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លៀតឡើយ៕