(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល ជាមួយកម្លាំងគ្រប់ប្រភេទ និងមន្ត្រីរាជការខណ្ឌមានជ័យ ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នាពេលខាងមុខនេះ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ម៉ក វណ្ណស៉ីថា តំណាងរាស្រ្តរាជធានីភ្នំពេញ, លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ អភិបាលរង នាយក នាយករង លោកអធិការខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធខណ្ឌមានជ័យ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ចំនួន ៦១៤នាក់។
លោក ហែម ដារិទ្ធិ ក៏បានកោតសសើរដល់កងកម្លាំងនគរបាល កងកម្លាំងអាវុធហត្ថ សណ្តាប់ធ្នាប់ខណ្ឌ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារ ការពារសន្តិសុខ សុវត្ថិភាព និងបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អកន្លងមក។
លោកអភិបាលខណ្ឌ ក៏បានជំរុញឱ្យកងកម្លាំងទាំងអស់ ត្រូវចូលរួមពង្រឹងការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានឱ្យបានប្រសើរឡើងថែមទៀត ដើម្បីបម្រើឱ្យប្រយោជន៍សង្គម ប្រជាពលរដ្ឋ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលឆាប់ៗខាងមុខនេះ។
លោក ប៉ា សុជាតិវង្ស បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងគ្រប់ផ្នែកចំណុះឱ្យគណៈបញ្ជាការឯកភាពខណ្ឌ និងមន្ត្រីរាជការបម្រើការងារក្នុងខណ្ឌគ្រប់ជាន់ថ្នាក់ ដែលបានខិតខំ បំពេញការងារក្នុងឆ្នាំកន្លងទៅ ដោយយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត សំរាប់ការរស់នៅ ប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋ។
នាឱកាសនោះដែរ លោកបានលើកឡើងអំពីតម្លៃនៃសុខសន្តិភាព ដែលកត្តានៃសុខសន្តិភាពបានកើតចេញ ពីការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា រួមនិងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបាននូវស្ថេរភាពនយោបាយ កំណេីនសេដ្ឋកិច្ចរីកចម្រេីនជាលំដាប់។
កម្ពុជាធ្លាប់បានឆ្លងកាត់នៅរបបជាច្រេីន ដែលបានបណ្តាលឱ្យកម្ពុជា ធ្លាក់ដល់ចំណុចសូន្យ ប្រជាពលរដ្ឋរងទុក្ខ ខ្វះខាតសូម្បីតែរបបអាហាគ្រប់គ្រាន់ក៏មិនមានតែការថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ កំណេីនសេដ្ឋកិច្ចបានកេីនឡេីងជាបន្តបន្ទាប់រហូតកែប្រែមុខមាត់ខ្លួន ពីប្រទេសដែលគ្មានអាហារហូបចុកគ្រប់គ្រាន់ ក្លាយជាប្រទេសមានអង្ករ ក្នុងការនាំចេញទក្រៅប្រទេសបាន ប្រជាពលរដ្ឋរស់នៅប្រកបដោយសិទ្ធសិរីភាពពេញលេញ។ ជាប្រទេសដែលពិភពលោក ធ្លាប់ភ័យខ្លាចលូវប្រែក្លាយជាប្រទេសដែលពិភពលោកទទួលស្គាល់ មានសន្តិភាពពេញបរិបូរណ៍ មានភ្ញៀវទេសចរ ចូលមកទស្សនាប្រកបដោយសេចក្តីរីករាយដោយមិនមានការភ័យព្រួយ។
ជាចុងក្រោយ ដើម្បីលើកទឹកចិត្តសម្រាប់បងប្អូនកងកម្លាំងនគរបាល អាវុធហត្ថ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកម្លាំងសណ្តាប់ខណ្ឌ និងការអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខនេះ លោកអភិបាលខណ្ឌ បានឧបត្ថម្ភជាសម្ភារៈមួយចំនួន ដែលក្នុងម្នាក់ៗ ទទួលបាន៖ មីចំនួន ១កេស, ស្រាបៀរចំនួន ១កេស និងថវិកាមួយចំនួន។ ចំណែកមន្ត្រីជាស្រ្តី ទទួលបាននូវ ហូល (សឹង) បន្ថែមក្នុងម្នាក់ចំនួន១ ផងដែរ៕