(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេច បណ្តេញមន្ត្រីទូតរុស្ស៊ីចំនួនពីររូប ទៅកាន់ប្រទេស កំណើតរបស់ពួកគេវិញ ជាការឆ្លើយតបទៅនឹងការវាយប្រហារមកលើ មន្ត្រីទូតអាមេរិកនៅទីក្រុង មូស្គូ កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០១៦។
ព័ត៌មានខាងលើនេះ គឺត្រូវបានដកស្រង់ពីសម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក John Kirby ប៉ុន្តែលោកមិនបានថ្លែងអ្វីបន្ថែមឲ្យលើសពីនេះឡើយ។ សម្រាប់ព័ត៌មានខាងលើនេះ ត្រូវបានលាក់បាំងជា យូរណាស់មកហើយ ដែលទំនងជាការទុកកិត្តិយសផ្នែកការទូតឲ្យគ្នា ក៏ប៉ុន្តែ អាមេរិកបានទម្លាយវាចេញមក ចំពេលដែលរុស្ស៊ីគំរាម ប្រើកណ្តាប់ដៃដែក តទល់នឹងការបំពាក់ប្រព័ន្ធ ការពារមីស៊ីល THAAD នៅកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមិថុនា មន្ត្រីទូតអាមេរិកមួយរូប បានព្យាយាមចូលទៅក្នុងស្ថានទូត អាមេរិកនៅទីក្រុងមូស្គូ ប៉ុន្តែប៉ូលិសរុស្ស៊ីបានហាមឃាត់ ដោយយោងលើ ហេតុផលមួយចំនួន រហូតដល់កើតមានអំពើហិង្សាតែម្តង។ ចំពោះបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova ធ្លាប់បានថ្លែងថា គឺមន្ត្រីទូតអាមេរិកទេ ដែលជាអ្នកបានវាយប្រហារប៉ូលិសរុស្ស៊ីមុន។
សហរដ្ឋអាមេរិកបានហៅទង្វើ របស់រុស្ស៊ីកាលណោះថា «ជាការបង្កហេតុ និងគ្រោះថ្នាក់ដល់ សុវត្ថិភាពរបស់បុគ្គលិកទូតរបស់យើង ហើយការដែលប៉ូលិសរុស្ស៊ីអះអាងថា ខ្លួនធ្វើនោះជាកិច្ច ការពារស្ថានទូតពីជនមិនស្គាល់ អត្តសញ្ញាណនោះ វាមិនមែនជារឿងសមហេតុផលនោះឡើយ»៕