(តិចសាស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា បានលុបចោលដំណើរ ទស្សនកិច្ចទៅក្រៅប្រទេស ដោយប្ដូរទិសដៅ ទៅកាន់ទីក្រុងដាឡា (Dallas) រដ្ឋតិចសាសវិញ បន្ទាប់ពីមានករណី បាញ់ប្រហារគ្នារវាងប៉ូលិស និងក្រុមបាតុករ ដែលកើតចេញពីតវ៉ារឿង រើសអើងពូជសាសន៍។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកក្កដា។
ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ប៉ូលិស ៥នាក់ ត្រូវបានស្លាប់នៅក្នុងហេតុការណ៍បាញ់តបតគ្នា និងត្រូវបានគេស្គាល់អត្តសញ្ញាណ ដោយមានឈ្មោះ Micah Johnson វ័យ ២៥ឆ្នាំ ជាយោធាជើងចាស់មួយរូប ដែលបានបម្រើក្នុង ប្រទេសអាហ្វហ្គានីស្ថាន។ ប៉ូលិសបានរកឃើញឧបករណ៍ផលិតគ្រាប់បែក និងអាវុធមួយចំនួននៅក្នុងផ្ទះរបស់ខ្មាន់កាំភ្លើងរូបនេះផងដែរ។
ករណីតវ៉ាប្រឆាំងនឹងរើសអើងជាតិសាសន៍នេះ ត្រូវបានសហរដ្ឋអាមេរិក ចាត់ទុកថា ជាអំពើភេរវកម្មមួយ ព្រោះប៉ូលិស៥នាក់បានស្លាប់ និងរបួស៦នាក់ ដោយសារតែខ្មាន់កាំភ្លើង បានប្រើកាំភ្លើង Sniper បាញ់សំដៅមកកាន់ក្រុមប៉ូលិស។
គួរបញ្ជាក់ផងដែរថា ដើមហេតុដែលនាំឲ្យកើតមានករណីខាងលើនេះ បណ្ដាលមកពីប៉ូលិសបានជ្រុលដៃបាញ់សម្លាប់ជនជាតិស្បែកខ្មៅម្នាក់ ហើយវីដេអូនៃ ការបាញ់នោះ ត្រូវបានមិត្តស្រីរបស់ ជនជាតិស្បែកខ្មៅរូបនោះ ថតបាន និងបង្ហោះតាមប្រព័ន្ធអនឡាញ៕