(វៀងច័ន្ទន៍, ឡាវ)៖ នៅរាត្រីថ្ងៃអង្គារ ទី០៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ជូនដល់មេដឹកនាំកំពូល ប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គ។
ក្នុងពិធីនោះប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសមេគង្គ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលពីលោនាយករដ្ឋមន្ត្រីឡាវ មុនពិធីលៀងសាយភោជន៍ពេលរាត្រីចាប់ផ្តើម។
ថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ពេលរាត្រី លោកនាយករដ្ឋមន្ត្រីឡាវ ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ សម្តែងការស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ជូនចំពោះប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃប្រទេសមេគង្គ ក៏ដូចជាដៃគូអភិវឌ្ឍន៍ទាំងអស់របស់ គណៈកម្មការទន្លេមេគង្គ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ នៅរដ្ឋធានីវៀងចន្ទន៍ ដ៏ស្រស់បំព្រង។
លោកនាយករដ្ឋមន្ត្រីឡាវ បានលើកឡើងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ គឺ ពិតមានតម្លៃខ្លាំងណាស់ ដើម្បីពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន តាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រីឡាវ បានលើកឡើងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ ក៏នឹងពិភាក្សាអំពីបញ្ហាប្រឈម ដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់ទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ។
លោក សនសៃ ស៊ីផាន់ដន បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនថ្នាក់ដឹកនាំប្រទេសមេគង្គ មានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ក្នុងឱកាសនៃការស្នាក់អាស្រ័យនៅរដ្ឋធានីវៀងចន្ទន៍។ ជាពិសេសការចូលរួមពិភាក្សាឱ្យបានផុលផុសលើមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព» ក្នុងកិច្ចប្រជុំកំពូលមេគង្គលើកទី៤ ដើម្បីបម្រើឱ្យឧត្តមប្រយោជន៍រួម នៃបណ្តាប្រទេសមេគង្គ និងបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់៕