(ភ្នំពេញ)៖ លោកស្រី តាំង ហ្គេចលៀង ជាអគ្គនាយិកាក្រុមហ៊ុន HL គ្រុប នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានស្នើទទូចឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បញ្ឈប់ការជជែកវែកញែករឿងអ្នកមានអ្នកក្រតទៅទៀត ហើយប្រកាសដាក់ពាក្យប្តឹង ជនឱកាសនិយម ដែលលួចក្លែងបន្លំផេក (Facebook Page) លោកស្រី បង្កចលាចល

តាមរយៈបណ្តាញសង្គម លោកស្រី តាំង ហ្គេចលៀង បានសរសេរដូច្នេះថា៖

«ចា៎ជំរាបសួរ 🙏🙏🙏 បងប្អូនខ្មែរទាំងអស់​ទាំងនៅក្នុងស្រុក​ និងនៅក្រៅស្រុក​ ខ្ញុំសុំអង្វរបងប្អូនទាំងអស់​គ្នាថា​ គោលបំណងល្អរបស់ខ្ញុំត្រូវបានរលាយអស់ហេីយ​ ដោយសារខ្ញុំខ្សោយនូវសិល្ប: និងអក្សរសាស្ត្រខ្មែរ​ ក្នុងការនិយាយឬនិយាយដោយឡែក គឺខ្ញុំចេះនិយាយបានតែពាក្យសាមញ្ញៗ​ ដែលធ្វេីឱ្យមានកំហុសឆ្គងធ្ងន់ធ្ងរដោយអចេតនាបំផុត​ ពិសេសគឺធ្វេីអោយសម្តេចពុក​ ហត់នឿយ​ ច្រេីនណាស់ដោយសារកំហុសរបស់នាងខ្ញុំនេះ​ ហេតុនេះនាងខ្ញុំសុំលំអោនកាយសំពះអង្វរ 🙏🙏🙏 បងប្អូនទាំងអស់មេត្តា​ ខន្តី​អភ័យទោស​ ដល់កំហុសដោយអចេតនារបស់នាងខ្ញុំនេះផងចុះ​ ពិសេសសូមបងប្អូន​ មេត្តា​គោរពនូវខ្លឹមសារនៃការបកស្រាយរបស់សម្តេចពុក (សម្តេចតេជោ)ផង🙏🙏🙏

ដោយសារប៉ុន្មានថ្ងៃនេះ មានការលួចក្លែងបន្លំផេករបស់នាងខ្ញុំ​ នាងខ្ញុំបានទៅដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា​ នៅក្រសួងមហាផ្ទៃ​ រួចរាល់ហេីយព្រឹកនេះ​
ហេតុនេះសូមបងប្អូនមេត្តា🙏🙏🙏បញ្ឈប់នូវសកម្មភាពខុសឆ្គងនេះទៅ​ ដេីម្បីជួយរក្សានូវសណ្នាប់ធ្នាប់​ សន្តិសុខសង្គម​ ព្រោះនាងខ្ញុំ និងបងប្អូនសុទ្ធតែជា​ខ្មែរដូចគ្នា​ កាន់ព្រះពុទ្ធសាសនាដូចគ្នា​ ហេតុនេះការផ្តល់នូវអភ័យឲ្យគ្នាទៅវិញទៅមក​ គឺជាបុណ្យកុសលធំធេងណាស់​ ព្រោះលេីលោកនេះគ្មានអ្នកណាដែលមិនចេះខុសនោះទេ​ តែសំខាន់ចេះទទួលស្គាល់កំហុសដោយសុទ្ធចិត្ត​ និងកែរប្រែនូវកំហុសនោះឯង​ ។

នាងខ្ញុំសូមគោរពអរគុណបងប្អូនអ្នកគាំទ្រ និងអ្នកមិនគាំទ្រខ្ញុំទាំងអស់​ បងប្អូនគឺជាអ្នកដែលបានផ្តល់នូវមេរៀនល្អ​ ល្អ​ ផ្សេងៗគ្នាអោយនាងខ្ញុំ​ កាន់តែរឹងមាំ និងល្អប្រសេីរទៅអនាគត

សូមបងប្អូនទាំងអស់​ មេត្តាអភ័យទោស និងសូមចូលរួមរក្សានូវសណ្តាប់ធ្នាប់សង្គម​ ដេីម្បីរស់នៅក្រោមដំបូលសន្តិភាព និងអភិវឌ្ឍសង្គម និងក្រុមគ្រួសារយេីងទាំងអស់គ្នា​»៕