(ភ្នំពេញ)៖ ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ដែលអូសអន្លាយរយៈពេលជាង២ឆ្នាំ បានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ចនៅក្នុងប្រទេស។ មុខរបរជាច្រើនទទួលរងនូវវិបត្តិជាបន្តបន្ទាប់ រហូតដល់ខ្លះទៀតមិនអាចបើកដំណើរការបាន ជាពិសេសក្នុងវិស័យទេសចរណ៍តែម្តង។ ទោះបីជាយ៉ាងនេះក្តី ទន្ទឹមគ្នានឹងវិស័យផ្សេងៗធ្លាក់ចុះ វិស័យកសិកម្ម ត្រូវបានជំរុញ ហើយមានសន្ទុះខ្លាំងក្លាជាងមុន។ របរចិញ្ចឹមពពែជាលក្ខណៈគ្រួសារ ហាក់កំពុងទទួលអំណោយផលពីវិបត្តិកូវីដ១៩នេះ ជាមួយនឹងអាជីវកម្មផ្សេងៗទៀត ក្នុងវិស័យកសិកម្ម។
ម្ចាស់កសិដ្ឋានចិញ្ចឹមពពែ លោក តាំង ហាំងលី វ័យ៦១ឆ្នាំ ដែលរស់នៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានផ្លាស់ប្ដូរពីការចិញ្ចឹមជ្រូក មកចិញ្ចឹមពពែ ដោយសារតែការចិញ្ចឹមជ្រូកខាតបង់ថវិកាច្រើន ឯការចិញ្ចឹមពពែងាយស្រួលជាង។ លោកបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ដូច្នេះថា អំឡុងពេលកូវីដ១៩ កន្លងទៅ ការលក់ពពែរបស់លោក បានថ្លៃគួរសម និងមានចំណូលខ្ពស់ក្នុងមួយខែៗ ប៉ុន្តែក្រោយមកចំណូលដោយសារពពែ មានការប្រែប្រួល ដោយសារតែតម្លៃធ្លាក់ចុះ ដោយសារសេដ្ឋកិច្ច និងការប្រកួតប្រជែង។
សូមទស្សនាបទយកការណ៍ទាក់ទងនឹងកសិដ្ឋានចិញ្ចឹមពពែរបស់ កសិករ តាំង ហាំងលី ដូចខាងក្រោម៖