(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជាអធិបតីក្នុង «ពិធីសំណេះសំណាលជាមួយនិវត្តជន របស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» នៅសណ្ឋាគារសុខាភ្នំពេញ។
ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួង ព្រមទាំង លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលគណៈកម្មការប្រតិបត្តិ និងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត និងនិវត្តជន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបមានអ្នកចូលរួមប្រមាណ ៨០០រូប។
លោកស្រី កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល, លោក យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រតិបត្តិសមាគម បានគូសបញ្ជាក់អំពីវឌ្ឍនភាព សម្រេចបានរបស់សមាគមកន្លងមក រួមមាន៖ ទី១. រចនាសម្ព័ន្ធគ្រប់គ្រងសមាគម ត្រូវបានពង្រឹងតាមរយៈការពិនិត្យកែសម្រួល ជាបន្តបន្ទាប់នូវរចនាសម្ព័ន្ធដឹកនាំ និងលក្ខន្តិកៈសមាគម, ទី២. សមាជិកមានការកើនឡើង ពោល គឺកើនពី ១៥៦រូប ក្នុងឆ្នាំ២០១១ ដល់ ៦,៤៧៥ រូប គិតត្រឹមដើមឆ្នាំ២០២៣ ក្នុងនោះសមាជិកជាស្ត្រីចំនួន ១,៩១៩រូប និងធនធានហិរញ្ញវត្ថុ កាន់តែមានស្ថានភាពល្អប្រសើរ ដែលបានផ្ដល់លទ្ធភាពគ្រប់គ្រាន់ សម្រាប់បង្កើនកម្រិតគាំទ្រ និងអត្ថប្រយោជន៍កាន់តែច្រើនឡើង ដល់សមាជិកជួបការលំបាក, និងទី៣. ការអនុវត្តសកម្មភាពរបស់សមាគម កាន់តែមុតស្រួចឆ្ពោះទៅសម្រេចបានចក្ខុវិស័យ តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រឆ្នាំ ២០២១-២០២៣។
ក្នុងឆ្នាំ២០២២ ក្រុមការងារនៃសមាគម បានចុះជួបសំណេះសំណាលសួរសុខទុក្ខនិវត្តជនសរុបចំនួន ៧៨៩រូប និងបានផ្ដល់ការឧបត្ថម្ភដល់សមាជិក ដើម្បីជួយសម្រាលការលំបាកសរុប ៣៣៥ករណី រួមមានជាអាទិ៍៖ ករណីសមាជិកចូលនិវត្តន៍, សមាជិកសម្រាលកូន, មានជំងឺ, គ្រោះថ្នាក់ចរាចរ, និវត្ដជន ឬក្រុមគ្រួសារទទួលមរណភាព-ល-។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ និងបង្ហាញនូវការនឹករលឹក និងគុណូបការៈដ៏ថ្លៃថ្លាចំពោះនិវត្តជន ដែលបានរួមចំណែកយ៉ាងធំធេញ ក្នុងការបំពេញភារកិច្ច ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលអាចសម្រេចបានសមិទ្ធផលជាច្រើន មកដល់បច្ចុប្បន្ននេះ។
អគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីវឌ្ឍនភាពសំខាន់ៗ របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេស ជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ និងរក្សាបាននូវលំនឹងសេដ្ឋកិច្ចកម្ពុជា និងកម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាជន ។
ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់អំពីគោលនយោបាយគាំពារសង្គមផ្សេងៗ រួមមានជាអាទិ៍៖ ការគាំពារផ្នែកថែទាំសុខភាព តាមរយៈបេឡាជាតិសន្តិសុខសង្គម និងការផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ជនចាស់ជរា, ជនមានពិការភាព, ស្រីមានផ្ទៃពោះ, កុមារអាយុក្រោម ៥ ឆ្នាំ និងអ្នកផ្ទុកមេរោគអេដស៍ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្មវិធីនេះនឹងត្រូវបន្តអភិវឌ្ឍទៅជា «កម្មវិធីជំនួយសង្គមកញ្ចប់គ្រួសារ» នៅពេលខាងមុខ។
ដោយមានការយកចិត្តទុកដាក់ ដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាល មានការគិតគូរក្នុងការដំឡើង ជាបន្តបន្ទាប់នូវប្រាក់បៀវត្សអប្បបរមា និងប្រាក់សោធននិវត្តន៍ ទោះបីជាថវិកាជាតិកំពុងបន្តទទួលរងសម្ពាធធ្ងន់ធ្ងរ នៅឡើយដោយសារវិបត្តិជំងឺកូវីដ-១៩ និងសង្គ្រាមរុស្សី-អ៊ុយក្រែនក៏ដោយ។ ជាក់ស្ដែង, ផ្អែកតាមច្បាប់ថវិកាឆ្នាំ ២០២៣នេះ ប្រាក់សោធននិវត្តន៍អប្បបរមាប្រចាំខែ ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនត្រូវបានដំឡើងពី៦៩ ម៉ឺនរៀល ដល់៧៧ ម៉ឺនរៀល។
ទន្ទឹមនេះ, រាជរដ្ឋាភិបាលក៏បានគិតគូរលុបបំបាត់គម្លាតប្រាក់ សោធនរវាងអ្នកចូលនិវត្តចាស់ និងអ្នកចូលនិវត្តថ្មី។ ការយកចិត្តទុកដាក់ដំឡើងប្រាក់ សោធននិវត្តន៍ជាបន្តបន្ទាប់នេះ គឺបង្ហាញយ៉ាងជាក់ច្បាស់ថា រាជរដ្ឋាភិបាលមិនបានមើលរំលងគុណបំណាច់ និងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះមន្ត្រីដែលបានចូលនិវត្តន៍។ ក្នុងស្មារតីនេះ, តាមរយៈសកម្មភាពរបស់សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកម្មវិធីនាឱកាសនេះ គឺបង្ហាញពីការយកចិត្តទុកដាក់ និងបង្ហាញពីការតបស្នងនូវគុណបំណាច់ និងរំលឹកអំពីការរួមចំណែកមិនអាចកាត់ថ្លៃបានរបស់និវត្តជន ក្នុងការអភិវឌ្ឍប្រទេសឱ្យទទួលបានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ។
ឆ្លៀតឱកាសនោះ អគ្គបណ្ឌិតសភាចារ្យ ក៏បានផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្ស-រិយយសជូននិវត្តជន និងបាននាំយកអំណោយជាថវិកាជូនដល់និវត្តជន និងបានផ្ដាំផ្ញើឱ្យរក្សាសុខភាព ពិសេស ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលឆាប់ៗនេះ សូមឱ្យនិវត្តជនទាំងអស់ជួបប្រទះតែសុខសុវត្ថិភាព មានស្មារតីនិងអារម្មណ៍ជ្រះថ្លា ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពចម្រុងចម្រើនបន្ថែមទៀត។
សូមគូសបញ្ជាក់ថា សមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ កាលពីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១១ ដែលមានចក្ខុវិស័យច្បាស់លាស់ គឺ «លើកតម្កើងគុណតម្លៃនៃមិត្តភាព សាមគ្គីភាព និងសង្គហៈធម៌ នៃបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» ក្នុងគោលបំណងចម្បងចំនួន៣គឺ៖
ទី១៖ ផ្តល់ការឧបត្ថម្ភគ្នាទៅវិញទៅមក រវាងសមាជិកសមាគមទាំងអស់ ដែលជាបុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ទី២៖ ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងបុគ្គលិក មន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យកាន់តែរីកចម្រើន និងរឹងមាំឡើង
ទី៣៖ ជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុជូនដល់បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជួបការលំបាក តាមគោលការណ៍ដែលមានចែង ក្នុងលក្ខន្តិកៈសមាគម៕