(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ ជាមួយ​លោកបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនេះ អគ្គបណ្ឌិតសភាចារ្យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរ​សាទរ ចំពោះ​លោកបណ្ឌិត PARK Jung-Wook ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅ​កម្ពុជា ​និងបន្តស្វាគមន៍អ្នកវិនិយោគទុនពីប្រទេសកូរ៉េឲ្យបានច្រើនបន្ថែមទៀត​​ ខណៈចំពោះលំហូរទុន និងទំហំនៃការវិនិយោគឯកជនពីប្រទេសកូរ៉េខាងត្បូង មានការកើនឡើងជាបន្តបន្ទាប់។

​អគ្គបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (FTA) ដែលទើបតែចូលជាធរមានកាលពីដើមខែ ធ្នូ ឆ្នាំ ២០២២ នឹងជួយបង្កើនទំហំពាណិជ្ជកម្មនៃការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ និងតាមរយៈកិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) រវាងកម្ពុជា-កូរ៉េ ក៏នឹងជាឧបករណ៍សម្រាប់ជួយបង្កបរិយាកាសនៃការវិនិយោគពីប្រទេសកូរ៉េ ឲ្យកាន់តែមានភាពល្អប្រសើរ និងទាក់ទាញវិនិយោគិនឲ្យមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ ជាក់ស្តែង, ថ្មីៗនេះ ក្រុមហ៊ុនធំៗរបស់កូរ៉េ បានមកបណ្តាក់ទុនវិនិយោគបង្កើតរោងចក្របង្គុំរថយន្តម៉ាកល្បីៗ នៅប្រទេសកម្ពុជា ផងដែរ ។

ជាមួយគ្នានេះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋ កូរ៉េ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងដំណើរការកសាងសន្តិភាពស្តារ ក៏ដូចជា ចូលរួមចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance - ODA) និងការវិនិយោគផ្ទាល់ពីប្រទេសកូរ៉េនៅ​កម្ពុជា ។

គិតចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០២២​ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង មានចំនួនប្រមាណ ៤៥៥ លានដុល្លារអាមេរិក និង ក្នុងក្របខ័ណ្ឌឥណទានសម្បទាន គិតចាប់ពី ឆ្នាំ ២០០១ មកដល់ដំណាច់ឆ្នាំ ២០២២ ភាគីកូរ៉េ បានសន្យា (Commitments) ផ្តល់ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណជា ១ ៨០០ លានដុល្លារអាមេរិក ។ ចេញពីការសន្យានេះ​ មានកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣២ កិច្ចព្រមព្រៀង បានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុប ១ ៦០០ លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ និងកម្មវិធីចំនួន ២៩ ។

​អគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានសម្រេចផ្តល់នូវការសន្យាស្តីពីការផ្តល់ឥណទានបន្តទៀត តាមរយៈកិច្ចសម្របសម្រួលក្របខ័ណ្ឌថ្មី (New Framework Arrangement) ដែលមានទំហំទឹកប្រាក់ឥណទានចំនួន ១ ៥០០ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ ដែលផ្តោតបេក្ខភាពគម្រោងលើគម្រោងអភិវឌ្ឍន៍ស្របតាមវិស័យអាទិភាពសំខាន់ៗ និងស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាមួយគ្នានេះ​ ភាគីទាំងពីរក៏បានពិភាក្សា អំពីគម្រោងអភិវឌ្ឍន៍ដែលមានភាពប្រឡាក់ក្រឡាជាមួយនឹងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (Cambodia- Korea Friendship Bridge) ក៏ដូចជាការចូលរួមអភិវឌ្ឍន៍គម្រោងវិនិយោគនានាពីវិស័យឯកជន ផងដែរ។

លោកបណ្ឌិត PARK Jung-Wook ក៏បានគូសបញ្ជាក់ជូនថា ក្នុងអាណត្តិបំពេញភារកិច្ចការទូតនេះ លោកនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការទាំងក្នុងក្របខ័ណ្ឌ ហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន, ជំនួយបច្ចេកទេស និងកម្មវិធីចែករំលែកចំណេះដឹង ជាពិសេស ជំរុញការអភិវឌ្ឍវិស័យឯកជននានា ឲ្យកាន់តែរីកចំរើនបន្ថែមទៀត៕