(ភ្នំពេញ)៖ ក្បាច់គុន «ល្បុក្កតោ» របស់ខ្មែរត្រូវបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០២២។ ទោះជាយ៉ាងនេះក្តី មកដល់ពេលនេះ នៅតែមានការបកស្រាយពីអត្ថន័យខុសៗគ្នា ចំពោះពាក្យថា «ល្បុក្កតោ»

ថ្លែងប្រាប់បណ្តាញ Fresh News លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) បានបើកកិច្ចប្រជុំពិភាក្សាគ្នា អំពីអត្ថន័យបកស្រាយជាច្រើន នៃពាក្យ «ល្បុក្កតោ» មុននឹងសម្រេចឲ្យប្រើប្រាស់ពាក្យនេះជាផ្លូវការ តាមការស្នើរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ លោកបណ្ឌិតសភាចារ្យ អ៉ីវ ច័ន បានលើកឡើងថា យើងពុំទាន់ឯកភាពគ្នាត្រង់ប្រភពពាក្យ «ល្បុក្កតោ»នេះ ថាតើពាក្យនេះជាពាក្យខ្មែរសុទ្ធដែលមកពីពាក្យ លុក > ល្បុក ដែលមានន័យថា ការវាយលុក ផ្សំនឹងពាក្យ តោ ដែលមានន័យ ថា ដើរទោរៗ ដើរឱនៗ ឬ ជាសត្វតោ ឬក៏ ពាក្យមកពីពាក្យ ល្បុក ដែលជាពាក្យខ្មែរ ផ្សំនឹងពាក្យបាលី កត ដែលមានន័យ ថា«ធ្វើហើយ», «សម្រេចហើយ»... ទៅជា ល្បុក្កតោ។ ប៉ុន្តែ ពាក្យ«ល្បុក្កតោ»នេះ ក្នុងវចនានុក្រម សម្តេចសង្ឃ ជួន ណាត លោកពុំដាក់ប្រភពទេ។

តំណាងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានលើកឡើងថា ភាសាបាលី-សំស្ក្រឹត ពុំមានពាក្យ «ល្បុក» ទេ។ ពាក្យ«ល្បុក»នេះ ជាពាក្យខ្មែរ មកពី លុក > ល្បុក ដែលមានន័យថា ការវាយលុក ហើយផ្សំជាមួយពាក្យបាលី កត > ល្បុក្កតោ។ ល្បុក្កតោ ជាក្បាច់គុនមួយបែបមិនមែនចូលវាយសត្រូវទេ គឺសម្រាប់ការពារខ្លួន ហើយ អាវុធ គឺប្រើកាំបិតប្រវែង ៣តឹក មួយផឹង ដែលមានកែងលើក្រោម។ ដូច្នេះ ក្បាច់នេះមិនមែនប្រយុទ្ធជាមួយសត្វតោនោះទេ។

បណ្ឌិត ខៀវ កុសល បានសុំឱ្យអង្គប្រជុំពិចារណាលើពាក្យ លគុឌទោ ដែលមានន័យថា ដំបងពីរ ក្រែងលោជា ប្រភពនៃពាក្យ «ល្បុក្កតោ»។ លោកបណ្ឌិតឯកភាពពាក្យនេះ មកពីពាក្យបាលី-សំស្ក្រឹត លគុឡទោ/លគុឌទោ នេះ។

លោកសាស្ត្រាចារ្យ សឹង ផុស បានលើកឡើងថា ពាក្យ «ល្បុក្កតោ»នេះ ជាពាក្យខ្មែរសុទ្ធ ដែលកើតឡើងពីការផ្សំ ពាក្យ ល្បុក < លុក និង ពាក្យ «តោ» ជាសត្វតោ ពីព្រោះជាស្តេចនៃសត្វដែលមានអំណាចជាងគេ។ លោកបានបញ្ជាក់បន្ថែមថា ល្បុកតោ មានសូរពីរព្យាង្គពិបាកអាន ដូច្នេះហើយ ទើបបុព្វបុរសបង្កើតសូរបីព្យាង្គ ទៅជា ល្បុក្កតោ ។

លោក ទូច គីមស៊្រាង បានលើកឡើងថា ល្បុក្កតោ < ល្បុក + តោ ៖ ល្បុក មានន័យថា ការវាយលុក និង តោ មានន័យថា ដើរឱនៗ កោងៗ។ ចំពោះមតិដែលលើកឡើងថា ពាក្យ«ល្បុក្កតោ» មកពីពាក្យបាលី-សំស្ក្រឹត លគុឡទោ/ លគុឌទោ ដែលមានន័យថា ដំបងពីរ ពុំសមហេតុផលទេ។

លោកសាស្ត្រាចារ្យ យាង វីរបុត្រ បានលើកឡើងថា ពាក្យ «ល្បុក្កតោ»នេះ ជាពាក្យខ្មែរ ដោយមានពាក្យ «ល្បុក»(ដែលជាពាក្យខ្មែរ) ផ្សំនឹងពាក្យ«តោ» (ដែលជាពាក្យខ្មែរដែរ)។

លោក សូ មុយឃៀង បានថ្លែងថា បុព្វបុរសខ្មែរយកធម្មជាតិមកធ្វើជាគំរូក្បាច់គុន ដូច ក្បាច់ខ្លាក្រាប ក្បាច់ក្រពើហា ជាដើម ដូច្នេះ ពាក្យ «ល្បុក»ជាពាក្យខ្មែរ ហើយ «តោ» ជាតំណាងសត្វតោ។

ក្រោយពីបានអនុម័តរួច អង្គប្រជុំបានសម្រេចថា ពាក្យ«ល្បុក្កតោ»នេះជាពាក្យខ្មែរសុទ្ធ គឺជាការផ្សំរវាងពាក្យ ល្បុក + តោ > ល្បុក្កតោ។

សូមជម្រាបថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗ បន្តរស់រានក្នុងសង្គមខ្មែរ រហូតដល់បច្ចុប្បន្ន។

ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។

ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ។

អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានលើកឡើងថា អត្ថន័យពាក្យ «ល្បុក្កតោ» គឺ «ល្បុក្ក» សំដៅបុកឬវាយ និង «តោ» សំដៅកម្លាំងខ្លាំង។ ដូចនេះក្បាច់គុនល្បុក្កតោ ជាសិល្បៈក្បាច់គុនដែលមានកម្លាំងខ្លាំង មានក្បាច់និងស្នៀតច្រើន ទន់ភ្លន់ រហ័សរហួន និងរឹងមាំ ក្នុងកល់ប្រយទ្ធទៅតាមយុទ្ធវិធីប្រើល្បិច មានកាច់ បុក និងសិល្ប:នៃការប្រយុទ្ធបញ្ជោតដោយដៃ និងឧបករណ៍ប្រយុទ្ធមានដាវ ដំបង និងខែលជាឬស្ស៊ី ត្រាប់តាមសត្វតោ ។

លោកបន្តថា «បើពោលឲ្យខ្លី ក្បាច់គុនល្បុក្កតោ ជាក្បាច់គុនយកតម្រាប់តាមទម្រង់សត្វតោ សម្លាប់តោហ្នឹងឯង»

«គុនល្បុក្កតោ» ត្រូវបានអង្គការយូណេស្កូ សរសេរជាអង់គ្លេសថា «Kun Labokator»។ ប៉ុន្តែ មានការសរសេរខុសជាច្រើន ពេលសរសេរជាអង់គ្លេស ដោយសារដាក់ត្រឹមតែ «Bokator» ដែលហាក់ធ្វើឲ្យខុសពីខ្លឹមសារដើម ជាក់ស្តែងសូម្បីតែ «សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា» ក៏សរសេរថា «Cambodia Kun Bokator Federation» ផងដែរ។

មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងថា គួរតែសរសេរឲ្យត្រឹមត្រូវ និងមានស្តង់ដារមួយជាក់លើលើពាក្យ «គុនល្បុក្កតោ» ពេលសរសេរជាអង់គ្លេស៕