(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងថា ក្រសួងបានទិញស្ទីគ័រចំណាំងផ្លាត ចំនួន៣លានសន្លឹក ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីបម៉ុង ដែលមានតម្លៃ១២ម៉ឺនដុល្លារអាមេរិក ចែកជូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលប្រើប្រាស់គោយន្ត រឺម៉កម៉ូតូ កង់ និង រទេះគោដែលគ្មានភ្លើងបំភ្លឺនៅពេលយប់ សម្រាប់បិតការពារ គ្រោះថ្នាក់ចរាចរណ៍។
ការបញ្ជាក់របស់ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោគ ប្រចាំឆមាសទី១ ឆ្នាំ២០១៦ របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៧ ខែកក្កដា នៅទីស្តីការក្រសួងមហាផ្ទៃ។
លោក ស៊ុន ចាន់ថុល បានបន្តឲ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះប្រជាពលរដ្ឋទូទាំងប្រទេស ដែលប្រើប្រាស់គោយន្ត រឺម៉កម៉ូតូ កង់ និង រទេះគោដែលគ្មានភ្លើងបំភ្លឺនៅពេលយប់នឹងទទួលបានស្ទីគ័រ ចំណាំងផ្លាតសម្រាប់បិតការពារ គ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ពីក្រសួងសាធារណការ និងដឹកជញ្ជូនដោយឥតគិតថ្លៃ ដើម្បីបញ្ជៀសរាល់គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលកន្លងមកគ្រោះថ្នាក់ភាគច្រើនកើតឡើងទៅលើគោយន្ត ដែលសារតែគ្មានភ្លើងបំភ្លឺ។
គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងដោយសារការមើល មិនឃើញនៅពេលយប់ ដូច្នេះពេលបិតស្ទីគ័រនេះ ទៅវានឹងមានពន្លឺចំណាំងផ្លាត ពេលឡានបើកទៅនឹងអាចដឹងថា មានគោយន្ត មានរឹម៉កម៉ូតូ កង់ និងរទេះគោជាដើម វានឹងអាចបញ្ជៀសបាននូវគ្រោះថ្នាក់។
គួរបញ្ជាក់ថា ស្ទីគ័រចំណាំងផ្លាត ចំនួន៤០ម៉ឺនសន្លឹកបន្ថែមទៀត ត្រូវបានក្រុមហ៊ុន MITSUBISHI ឧបត្ថម្ភដល់ក្រសួងសាធារណការផងដែរ។ ស្ទីគ័រនេះកម្មង់ទិញពីសៀងហៃ ប្រទេសចិន ហើយនឹងមកដល់កម្ពុជា នៅអាទិត្យក្រោយនេះគឺថ្ងៃទី១៥ ខែកក្កដាខាងមុខ ហើយស្ទីគ័រនេះ ធានាបិតជាប់បាន៣ឆ្នាំ៕