(ភ្នំពេញ)៖ ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២២-២០២៣ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល លោកសាស្ដ្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងជំរុញលើកទឹកចិត្ដដល់និស្សិតពេទ្យទាំងអស់ ត្រូវខិតខំរៀនសូត្រឱ្យអស់ពីកម្លាំងកាយចិត្ដ និងគោរពឱ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈ ពេលចេញទៅប្រកបវិជ្ជាជីវៈ។
លោកសាស្ដ្រាចារ្យបន្ដថា សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានការទទួលស្គាល់នូវគុណភាព ពីសាធារណជន និងជាសាកលវិទ្យាល័យគំរូនៅកម្ពុជា ដែលផ្ដល់ការបណ្ដុះបណ្ដាល ក្នុងវិស័យវិទ្យាសាស្ដ្រសុខាភិបាល។
ការទទួលស្គាល់នេះបានឆ្លុះបញ្ចាំងតាមរយៈការដាក់ពាក្យប្រឡងចូលរៀនរបស់សិស្ស ដោយជ្រើសរើសសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ជាជម្រើសទី១ ដែលនៅក្នុងឆ្នាំសិក្សាថ្មីនេះ បេក្ខភាពសិស្សដាក់ពាក្យចូលរៀនកម្រិតបរិញ្ញាបត្រ ដោយជ្រើសរើសសាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាលជាជម្រើសទី១ មានចំនួនរហូតដល់ ជាង៥ពាន់ ក្នុងពេលដែលកូតាសម្រាប់សាកលវិទ្យាល័យវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល មានត្រឹមជាង១ពាន់នាក់ប៉ុណ្ណោះ។
ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនឈានឡើងរបស់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ពីមួយឆ្នាំ ទៅមួយឆ្នាំ។ សមិទ្ធផលទាំងនេះ ពុំអាចកើតឡើងដោយឯកឯងនោះទេ វាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ដ្រីរាជការ បុគ្គលិកសាស្ដ្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល រួមទាំងលក្ខខណ្ឌអំណោយផលផ្សេងៗទៀត ជាពិសេសគឺសុខសន្ដិភាពទូទាំងប្រទេស ការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
មន្ដ្រីជាន់ខ្ពស់សុខាភិបាលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានយកចិត្ដទុកដាក់ខ្ពស់ និងកំណត់ជាអាទិភាពលើការកសាងធនធានមនុស្ស ប្រកបដោយគុណភាព ជាពិសេស ការកសាងធនធានមនុស្សក្នុងវិស័យសុខាភិបាល ។
«ដូច្នេះសូមក្រើនរម្លឹកដល់និស្សិតពេទ្យទាំងអស់ សូមខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យអស់ពីកម្លាំងកាយ-ចិត្ដ និងត្រូវខិតខំលើកកម្ពស់ និងគោរពឱ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈ ពេលចេញទៅប្រកបវិជ្ជាជីវៈ។
ព្រោះក្រមសីលធម៌នេះ ចំណែកមួយប្រើសេវាប្រកបដោយគុណភាព និងប្រកបដោយទទួលខុសត្រូវ»។ នេះបើតាមការគូសបញ្ជាក់របស់លោកសាស្ដ្រាចារ្យ ធា គ្រុយ។
សាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល និងជាទីប្រឹក្សាក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ បានថ្លែងផងដែរ ដោយមានការយកចិត្ដទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងមានការចង្អុលបង្ហាញដោយផ្ទាល់ ពីលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល សាកលវិទ្យាល័យនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកគុណភាពបណ្ដុះបណ្ដាល ស្រាវជ្រាវ នវានុវត្ដន៍ និងផ្ដល់សេវា ស្របតាមចក្ខុវិស័យរបស់សាកលវិទ្យាល័យ ក្នុងការឈានទៅរកឧត្ដមភាព និងមានការទទួលស្គាល់គុណភាព ទាំងកម្រិតជាតិ តំបន់ និងអន្ដរជាតិ៕