(ភ្នំពេញ)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានឲ្យដឹងថា បច្ចុប្បន្ននេះនៅក្នុងខេត្ដរតនគិរី មានរោងចក្រកែច្នៃម្សៅមីមួយកន្លែង ដែលមានសមត្ថភាពផលិតម្សៅមីប្រមាណ ៣០០តោនរយៈពេល ២៤ម៉ោង។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តរតនគិរី» នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ លោក ញ៉ែម សំអឿន បានលើកឡើងទៀតថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ ក្រុមហ៊ុនបាននាំចេញម្សៅមី ចំនួន២,៦២២តោន ទៅក្រៅប្រទេស តាមច្រកទ្វារអន្ដរជាតិអូរយ៉ាដាវ។

លោកអភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងខេត្តមានរោងចក្រកែច្នៃម្សៅមីមួយកន្លែង មានសមត្ថភាពផលិត ១,២០០តោន/២៤ម៉ោង (គិតជាម្សៅមី៣០០តោន)។ ឆ្នាំ២០២២ ក្រុមហ៊ុនបាននាំចេញម្សៅមីចំនួន ២,៦២២តោន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ»។

ពាក់ព័ន្ធរោងចក្រម្សៅមីនេះ លោក អ៊ាវ ហៃ ប្រធានមន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យសាស្ដ្រ និងនវានុវត្តន៍ ខេត្តរតនគិរី បានអះអាងថា អ្នកវិនិយោគរោងចក្រកែច្នៃដំឡូងមីនេះ ជាជនជាតិខ្មែរ និងមានប្រើប្រាស់កម្លាំងពលករប្រមាណជាង១០០នាក់ ហើយអាចប្រែប្រួលតាមស្ថានភាពជាក់ស្ដែង។

លោក អ៊ាវ ហៃ ក៏បានគូសបញ្ជាក់បន្ថែមថា រោងចក្រកែច្នៃដំឡូងមីនេះ មិនដំណើរជាអចិន្ដ្រៃយ៍នោះទេ ពោលដោយសារកង្វះខាតដំឡូងមី។ លោកបន្ដថា នៅពេលដំឡូងមីមិនគ្រប់ចំនួន រោងចក្រមិនទាន់ដំណើរការឡើយ ដោយរង់ចាំទាល់តែដំឡូងមីនោះប្រមូលមកចំនួន៕