(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការការពារអង្គរសង្រ្កាន្ត ខេត្តសៀមរាប នៅនាយកដ្ឋានអង្គរក្ស។

កិច្ចប្រជុំនេះ មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ, លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ, លោក សុខ សប្បាយណា សមាជិកអចិន្រ្តៃយ៍សភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្ក្រាន្ត, លោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានអង្គរក្ស, លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ, ស្នងការនគរបាលខេត្តសៀមរាប, ស្នងការនគរបាលខេត្តព្រៃវែង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីលោក សុខ សប្បាយណា ធ្វើបទបង្ហាញពាក់ព័ន្ធការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រួចមកលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានធ្វើបទបង្ហាញពន្យល់ពីផែនការការពារ និងស្នើសុំអង្គប្រជុំផ្តល់នូវធាតុចូលនៅក្នុង របាយការណ៍។ បន្ទាប់ពីបានពិភាក្សា និងទទួលបានធាតុចូល អង្គប្រជុំបានឯកភាពគ្នា ដាក់ចេញនូវផែនការការពារព្រឹត្តការណ៍អង្គរសង្រ្កាន្ត និងដាក់សុំឆ្លង នាយឧត្តសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីពិនិត្យសម្រេច និងចុះហត្ថលេខា ផ្សព្វផ្សាយនាពេលខាងមុខ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ក្នុងផែនការនោះ បានគិតដល់អំពីការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សម្រាប់គោលដៅអទិភាព និងមុខសញ្ញាការពារ ជាពិសេសកិច្ចការពារនៅតំបន់សំខាន់ៗ ដែលប្រារព្ធពិធីដូចជា៖ ប្រាសាទបាយ័ន, ប្រាសាទអង្គរតូច, សួនច្បារដងស្ទឹងព្រះរាជតំណាក់, អង្គរឃ្យុងយូ, ផាប់ស្រ្ទីត និងកន្លែងស្នាក់នៅរបស់គណៈប្រតិភូ ដោយផែនការបានគិតយ៉ាងម៉ត់ចត់នៅទិសដៅ នៃការពង្វាងចរាចរណ៍ បញ្ចៀសការកកស្ទះចរាចរណ៍ និងការត្រៀមដោះស្រាយហេតុការណ៍ជាយថាហេតុ ព្រមទាំងបានបែងចែកប្រគល់ភារកិច្ចច្បាស់លាស់ទៅតាមអង្គភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធ។

តាងនាមនាយឧត្តមសេនីយ៍ សន្តិសន្តិបណ្ឌិត នេត សាវឿន, លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ជំរុញឲ្យតាមបណ្តានាយកដ្ឋាន-អង្គភាព ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរួមគ្នាធ្វើយ៉ាឲ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣នេះ ទទួលបានជោគជ័យ៕