(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងរៀបចំអាហារសាមគ្គីមួយពេលជូនជនងាយរងគ្រោះបំផុតរួមមាន ជនអនាថា ទុរគតជន អ្នកដែលត្រូវក្រុមគ្រួសារបោះបង់ចោល និងជនវិបល្លាសស្មារតីចំនួន ៩០នាក់ និងបុគ្គលិក-គ្រូពេទ្យ ៦៤នាក់ នៃមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ដែលស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ហ្លួងម៉ែ នរោត្តម សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះជនងាយរងគ្រោះទាំងអស់ ដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ជាពិសេសនូវការរៀបចំនូវអាហារពិសាសាមគ្គីមួយពេល ជូនកូនចៅក្មួយៗ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរយើងកំពុងរីករាយ នឹងអំណរសាទរទទួលទេវតាឆ្នាំថ្មី ដែលនឹងឈានមកដល់ក្នុងពេលដ៏ឆាប់ខាងមុខ។
លោកស្រីអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា «ថ្ងៃនេះគឺជាលើកទី៤ហើយ ដែលកាកបាទក្រហមកម្ពុជា បានចុះមកដល់មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) នេះ។ ជាមួយនឹងការរៀបចំអាហារសាមគ្គីមួយពេលនេះ កាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវសម្ភារៈប្រើប្រាស់ដែលជាសេចក្តីត្រូវការ និងសំណូមពររបស់មជ្ឈមណ្ឌល ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីមានសុខភាពល្អ ការហូបចុកបានគ្រប់គ្រាន់ និងជួយខាងផ្នែកផ្លូវចិត្តដល់បងប្អូនងាយរងគ្រោះទាំងអស់ ដោយមិនមាននរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។ សកម្មភាពថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងពីការងារបរិយាបន្នសង្គម ដែលកាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើដោយផ្តោតលើជនងាយរងគ្រោះបំផុតទាំងនេះផងដែរ»។
ទន្ទឹមនឹងនោះ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឱ្យដឹងថា មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ មានតួនាទីក្នុងការទទួល-ផ្តល់សេវាស្នាក់នៅបណ្តោះអាសន្នប្រកបដោយសុវត្ថិភាព និងគ្មានការរើសអើងដល់ជនរងគ្រោះ និងជនងាយរងគ្រោះ (ជនវ័យចាស់ជរាគ្មានទីពឹង, ទុរគតជន, ជនអនាថា, ជនមានសតិមិនប្រក្រតី(វិបល្លាស), ជនពិការគ្មានទីពឹង, ជនស្មូមទាន, ស្រ្តីរកស៊ីផ្លូវភេទគ្មានសុវត្ថិភាព, ស្ត្រីរងគ្រោះដោយអំពើជួញដូរផ្លូវភេទ, ជួញដូរពលកម្មដែលបានបញ្ជូនមកពីតាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
នេះគឺដើម្បីឱ្យពួកគេទទួលបាននូវកិច្ចការពារ និងស្វែងរកក្រុមគ្រួសារ អាណាព្យាបាល បងប្អូន សាច់ញាតិ ឱ្យមកទទួលត្រឡប់ទៅវិញ។ លើសពីនេះទៅទៀតមជ្ឈមណ្ឌល បានផ្តល់នូវសេវាចាំបាច់ដំបូងសម្រាប់ជនរងគ្រោះ ដែលចូលមកស្នាក់នៅបណ្តោះអាសន្នដូចជា៖
*ការផ្តល់អាហារហូបចុក១ថ្ងៃ០៣ពេល និងបង្អែម០១ ដងក្នុង១សប្តាហ៍
*ផ្តល់ការថែទាំសុខភាព ដោយមានក្រុមគ្រូពេទ្យប្រចាំការនៅប៉ុស្តិ៍សុខភាពក្នុងមណ្ឌល
*ផ្តល់ការអប់រំស្តារសម្បទា និងបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈរយៈពេលខ្លី, បំណិនជីវិត
*ប្រកាសស្វែងរកគ្រួសារ សាច់ញាតិ បងប្អូន ឬអាណាព្យាបាល មកទទួលត្រឡប់ទៅវិញ
*ការពិគ្រោះយោបល់ សម្របសម្រួលបញ្ជូនទៅអង្គការដៃគូ សម្រាប់ផ្តល់ការអភិវឌ្ឍជនរងគ្រោះ។
ជាមួយគ្នានេះ លោកស្រី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ គិតគូរ ប្រកបដោយគតិបណ្ឌិតមានភាពប៉ិនប្រសប់ឈ្លាសវៃបំផុត ដែលតែងតែយកចិត្ដទុកដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿទុកចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណា មានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា។
ឆ្លើយតបទៅនឹងសំណូមពររបស់មជ្ឈមណ្ឌល និងបន្ថែមពីលើអាហារសាមគ្គី១ពេល, កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) នូវថវិកាចំនួន ១០លានរៀល។ ឧបត្ថម្ភដល់ជនងាយរងគ្រោះទាំង ៩០នាក់ ក្នុងម្នាក់ៗទទួលបាន៖ ខោអាវ ស្បែកជើង ១ឈុត, សាប៊ូដុសខ្លួន ១ដប, សាប៊ូកក់សក់ ១ដប, ថ្នាំដុសធ្មេញ ១ទីប, ច្រាស់ដុសធ្មេញ ១ដើម និងថវិកា ១ម៉ឺនរៀល។ ឧបត្ថម្ភដល់បុគ្គលិក-គ្រូពេទ្យ ៦៤នាក់ ក្នុងម្នាក់ៗទទួលបាន៖ សាប៊ូដុសខ្លួន ១ដប, សាប៊ូកក់សក់ ១ដប និងថវិកា ៥ម៉ឺនរៀល៕