(សៀមរាប)៖ លោកស្រី ឆែម សុធា អភិបាលរងស្រុកពួក ជំរុញមន្រ្តីនៅតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព ក្នុងពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សិទ្ធិរបស់ជនមានពិការភាព ជាពិសេសស្រ្តី និងកុមារី ចូលរួមសកម្មភាពអភិវឌ្ឍសហគមន៍ដោយមិនមានការរើសអើង» ដែលរៀបចំឡើងដោយអង្គការសាលារៀនទន្សយ និងរដ្ឋបាលស្រុកពួក នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាទៀបាញ់គំរូ នៅស្រុកពួក ខេត្តសៀមរាប។

លោកស្រី ឆែម សុធា អភិបាលរងស្រុកពួក បានលើកឡើងថា ថ្ងៃនេះជាថ្ងៃមួយប្រកបដោយក្ដីសោមនស្សរីករាយជាទីបំផុតដែលអជ្ញាធរស្រុកពួក និងអង្គការសាលារៀនទន្សាយ បានរៀបចំពិធីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សិទ្ធិរបស់ជនមានពិការភាពជាពិសេសស្រ្តីនិងកុមារី ចូលរួមសកម្មភាពអភិវឌ្ឍសហគមន៍ ដោយមិនមានការរើសរើង» នេះឡើង។ គោលបំណងនៃការប្រារព្ធទិវាសិទ្ធិនារីឆ្នាំនេះ គឺដើម្បីជំរុញលើកទឹកចិត្ត និងផ្ដល់ឱកាសដល់ជនមានពិការភាព ជាពិសេសស្ត្រីនិងកុមារី មានពិការភាពទទួលបានសិទិ្ធសេវាពារសង្គម វិជ្ជាជីវៈ និងមុខរបតសមរម្យ និងចូលរួមសកម្មភាពអភិវឌ្ឍសហគមន៍ ដោយមិនមានការរើសអើង។

លោកស្រី បានបន្តថា ចាប់តាំងពីឆ្នាំ២០១៥មក អជ្ញាធរស្រុកបានគាំទ្រនិងសហការយ៉ាងល្អដល់ការអនុវត្តគ្រោងអប់រំកុមារមានពិការភាពនៅក្នុង ៥ឃុំ មានឃុំខ្នាត ឃុំពួក ឃុំយាង ឃុំសរសរស្ដម្ភ ឃុំព្រីញ័រ ដោយមានការបង្កើត ក្រុមការងារ មួយក្រុម ដែលមានមន្ទីរអប់រំជាប្រធានក្រុមការងារ អភិបាលរងស្រុកអនុប្រធាន ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ជាសមាជិក និងគណៈកម្មការពិគ្រោះយោលកិច្ចការស្រ្តីនិងកុមារ នៅតាមឃុំសង្កាត់ ជាសមាជិកសកម្ម។ ហើយពេលថ្មីៗនេះ អជ្ញាធរស្រុកក៍ដូចជាការិយាល័យអប់រំស្រុកបានសហការគាំទ្រ ការ ពង្រីកគម្រោងរបស់អង្គការសាលារៀនចំនួន ១០សាលារៀន នឹងបច្ចុប្បនថែម៥សាលាទៀត កើនឡើងរហូតដល់១៥សាលារៀន និងចំនួនកុមារកើន ១២៥កុមារដល់កុមារចំនួន ៥៧៤នាក់តាមផែនការដែលគ្រោងទុក។

លោក វង្ស វុទ្ធី ប្រធានកម្មវិធីអង្គការសាលារៀនទន្សាយ បានលើកដែរថា គោលបំណងនៃការរៀបចំពិធីនេះឡើង គឺដើម្បីផ្សព្វផ្សាយសិទ្ធិក្នុងការជូនរួមរបស់ជនមានពិការភាព ជាពិសេសស្រ្តីនិងកុមារី ដើម្បីឲ្យពួកគាត់យល់ដឹងអំពីសិទ្ធិរបស់ពួកគាត់ក្មុងការចូលរួមអភិវឌ្ឍន៍សហគមន៍ ដូចជាទទួលបានមុខជំនាញ វិជ្ជាជីវៈ និងប្រកបមុខរបរប្រកបដោយបរិយាបន្ន។ កម្មវិធីនេះដែរ មានការចូលរួមពីអាជ្ញាធរស្រុក អាជ្ញាធរឃុំ នាយកសាលា ជនមានពិការភាព និងសិស្សានុសិស្សម្រមាណជាង១រយនាក់ ហើយនឹងជិះកង់ចម្ងាយ ៥គីឡូ ដើម្បីផ្សព្វផ្សាយសារទាំងអស់នេះ ដើម្បីឲ្យពលរដ្ឋនៅក្នុងសហគមន៍បានយល់ដឹងទាំងអស់គ្នា។

លោកបានបន្តថា កម្មវិធីថ្ងៃនេះធ្វើឡើងនៅ៥ឃុំ ក្នុងស្រុកពួកព្រមៗគ្នា មានឃុំខ្នាត ឃុំពួក ឃុំយាង ឃុំសរសរស្ដម្ភ និងឃុំព្រីញ័រ ប៉ុន្តែកម្មវិធីដែលធំ គឺសាលាបឋមសិក្សាទៀបាញ់គំរូ នៅស្រុកពួក។ គម្រោងនេះ បានអនុវត្ត ៧ឆ្នាំរួចមកហើយ នឹងមានការសហការយ៉ាងល្អពីអាជ្ញធរស្រុកពួក ហើយគម្រោងនឹងបន្តផ្សព្វផ្សាយ ដើម្បីលុបបំបាត់ឲ្យអស់នូវការរើសអើងក្នុងស្រុក និងការចូលរួមរបស់ជនមានពិការភាពនៅក្នុងសហគមន៍។

ជាមួយនេះដែរ លោកស្រីអភិបាលរងស្រុកពួក បានបញ្ជាក់ថា តាមរយៈគម្រោងនេះ អង្គការសាលារៀនទន្សាយនិងផ្ដល់ជាអារហារូបករណ៍ដល់កុមារ មានដូចជា កង់ សម្ភារសិក្សា សៀង ផ្ដល់សម្ភារជំនួយដល់កុមារមានពិការភាពដូចជា ប្រទះ ឧបករណ៍ជំនួយការស្ដាប់ និងវ៉ែនតា ជួសជុលកែលំអរ ថ្នាក់រៀន គាំទ្រជំនាញវិជ្ជាជីវៈ និងមុខរបរខ្នាតតូចដល់គ្រួសារយុវជនមាន ពិការភាព បណ្តុះបណ្តាលគ្រូបង្រៀន ផ្សព្វផ្សាយអំពីសិទ្ធិទទួលបានការអប់រំកុមារ និងបំបាត់ភាពរើសអើងដល់ កុមារ និងយុវជនមានពិការភាពជាពិសេសផងដែរ៕