(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយ ខែរ៉ាម៉ាឌន របស់លោកស្រី ម៉ាណ ណាវី សមាជិកសភាជាតិ ជូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារ នៅបរិវេនវិហារគីឡូម៉្រែតលេខ៩ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ យុវជន CMYA និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានសម្ដែងការកោតសរសើរ ចំពោះទឹកចិត្តលោកស្រី ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលភ្នំពេញ ដែលបានបរិច្ចាកថវិការផ្ទាល់ ផ្ដល់ជាអំណោយកញ្ចប់អាហាររ៉ាម៉ាឌន ជូនប្រជាពលរដ្ឋទាំង៣០០គ្រួសារ ដែលនេះជាការចូលរួមជួយសម្រាលជីវភាពប្រជាពលរដ្ឋ បានមួយរយៈផងដែរ។ គិតពីដើមខែរ៉ាម៉ាឌន មកនេះ បណ្ដាអង្គការ សមាគមនៅកម្ពុជា បានធ្វើការចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតទូទាំងប្រទេសបានប្រមាណ៨មុឺន គ្រួសារផងដែរ។

លោកទេសរដ្ឋមន្ដ្រី បានជំរុញប្រជាពលរដ្ឋ សូមបន្តគាំទ្រ និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើឲ្យកម្ពុជាទទួលបានការស្ញប់ស្ញែង និងកោតសរសើរ ពីសំណាក់ពិភពលោក ចំពោះសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា យ៉ាងពិតប្រាកដ គ្មានការរើសអើង គ្មានជម្លោះ ប្រជាជនគ្រប់រូបមានសិទ្ធិសេរីភាព ប្រទេសជាតិ មានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានបន្តជំរុញប្រជាពលរដ្ឋ សូមឲ្យបន្តគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ដើម្បីបន្តទទួលបានសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅមុខទៀត។

សូមជម្រាបថា កញ្ចប់អំណោយអាហារខែរ៉ាម៉ាឌន សម្រាប់៣០០គ្រួសារខាងលើ ក្នុងនោះ ១០០គ្រួសារ មកពីភូមិ១, ១០០គ្រួសារមកពី ភូមិ២ និង១០០គ្រួសារផ្សេងទៀត មកពីភូមិ៣ ដោយក្នុងមួយគ្រួសារទទួលបាន មីជាតិ១កេស, ទឹកសុទ្ធ១កេស, ទឹកក្រូច១ដប, ប្រេងឆា១ដប, ល្មើរ១ប្រអប់, ស្ករស១គីឡូក្រាម និងទឹកដោះគោ៤កំប៉ុង ដែលចំណាយថវិកាសរុបប្រមាណ ៦,០០០ដុល្លារ៕