(ភ្នំពេញ)៖ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានថ្លែងថា កម្ពុជាប្រើប្រាស់ឈាមប្រមាណ ២៥០ ទៅ ៣០០ប្លោក ក្នុងមួយថ្ងៃ ដែលនេះត្រូវការមនុស្សប្រមាណ ៥០០នាក់ក្នុងមួយថ្ងៃឯណោះ ដើម្បីទៅបរិច្ចាគឈាម។

លោកថ្លែងបែបនេះ នៅមន្ទីរពេទ្យអន្តរជាតិអរៀនដា នាថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣ ពេលឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាលនៃ មន្ទីរពេទ្យអន្តរជាតិអរៀនដា ដឹកនាំបុគ្គលិកស្ម័គ្រចិត្តជាច្រើនរូប ចូលរួមចំណែកជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីចូលរួមជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលកំពុងខ្វះខាត និងត្រូវការឈាមជាចាំបាច់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាចាំបាច់នៃការផ្គត់ផ្គង់ឈាម នាពេលបច្ចុប្បន្ននេះ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានឲ្យដឹងថា ឈាមដែលត្រូវបានបូមហើយ មិនប្រាកដថាប្រើបានទាំងអស់ទេ។ ជាទូទៅឈាមដែលបូមបាន មិនអាចប្រើបាន ១០ភាគរយ ក្រោយការគិតគូរទាំងបញ្ហាបច្ចេកទេស និងការគិតគូរទាំងឈាមដែលមានជាតិខ្លាញ់ច្រើនជាដើម។ នេះមានន័យថា ដើម្បីបានឈាមប្រមាណ ២៥០ ទៅ ៣០០ប្លោក គេត្រូវការមនុស្សប្រមាណ ៥០០នាក់ឯណោះ ដែលប្រការនេះហើយ មានតែមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើររកអ្នកស្ម័គ្រចិត្ត ដើម្បីផ្តល់ឈាមសង្គ្រោះមនុស្ស។

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្រើប្រាស់ឈាមយើងមានប្រមាណ ២៥០ ទៅ ៣០០ប្លោក ក្នុងមួយថ្ងៃ។ ដើម្បីបូមបានប៉ុណ្ណឹង គឺត្រូវមាន ៥០០នាក់ទៅបូម»

បើតាមលោកវេជ្ជបណ្ឌិត ក្នុងគោលនយោបាយកម្ពុជា ច្បាប់បានចែងថា នរណាត្រូវការឈាមមួយប្លោកពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវផ្តល់វិញដោយមនុស្សម្នាក់វិញ។ លោកបន្តថា ដោយសារសព្វថ្ងៃមានតម្រូវការឈាមច្រើន ក៏តម្រូវឲ្យជនរួមជាតិបរិច្ចាគឈាមច្រើនដែរ ព្រោះក្នុងច្បាប់ក៏ចែងមិនឲ្យមានការលក់ដូរទេ។

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកទឹកចិត្តឲ្យមហាជនទៅបរិច្ចាគឈាមទុក ដោយកុំចាំដល់ពេលត្រូវការទើបទៅបរិច្ចាគ។ ជាទូទៅ លោកមើលឃើញថា គ្រួសារខ្លះត្រូវការឈាមម្តង ៥ ទៅ ៦ប្លោក ដែលធ្វើឲ្យពិបាកក្នុងការរកឈាមមកផ្គត់ផ្គង់។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ប្រទេសកម្ពុជាតម្រូវឱ្យមនុស្សយ៉ាងហោចណាស់ ១៥០,០០០នាក់ ឬ ១% នៃចំនួនប្រជាជនរបស់ខ្លួនបរិច្ចាគឈាមជារៀងរាល់ឆ្នាំ។

កម្មវិធីបរិច្ចាគឈាម នាថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០២៣ គឺជាផ្នែកមួយនៃកម្មវិធីមនុស្សធម៌របស់ មន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលផុសចេញពីសេចក្តីស្រលាញ់ ចេញពីបេះដូងពិតៗ និងសបញ្ចាក់ឲ្យឃើញពីការយកចិត្តទុកដាក់បំផុតចំពោះប្រជាពលរដ្ឋកម្ពុជា។ សកម្មភាពមនុស្សធម៌ដែលគណៈគ្រប់គ្រង និងបុគ្គលិកនៃ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានគោលបំណងចូលរួមចំណែកជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាចាំបាច់នៃការផ្គត់ផ្គង់ឈាមនាពេលបច្ចុប្បន្ននេះ។

«ការផ្តល់ឈាម ស្មើនឹងការជួយសង្គ្រោះ ជីវិតមនុស្ស!»។ នេះជាការថ្លែងរបស់ឧកញ៉ា គួន ធីតា។​ ឧកញ៉ា គួន ធីតាបានបន្ថែមទៀតថា «ក្នុងនាមជាស្ថាប័នឯកជនដែលមានទំនួលខុសត្រូវខ្ពស់ យើងត្រូវចូលរួមក្នុងសកម្មភាពដែលផ្តល់តម្លៃតបស្នងដល់សង្គមជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដូចនេះហើយទើបយើងបង្កើតឲ្យមានកម្មវិធីផ្តល់ឈាមនៅថ្ងៃនេះ»

ការបរិច្ចាគឈាម មិនត្រឹមតែអាចជួយសង្គ្រោះជីវិតអ្នកជំងឺ និងសង្គមជាតិប៉ុណ្ណោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍សម្រាប់លោកអ្នកដែលចូលរួមបរិច្ចាគផងដែរ។ ការផ្តល់ឈាម ធ្វើឲ្យសរីរាង្គក្នុងខ្លួនមនុស្សបង្កើនការបង្កើតគោលិកាក្រហមឡើងវិញជាស្វ័យប្រវត្តិ។ ការផ្តល់ឈាមអាចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង ដោយសាររាល់ការផ្តល់ឈាម បានបន្ថយសារធាតុដែកមួយចំនួនពីក្នុងឈាម។ លើសពីនេះទៅទៀត ការផ្តល់ឈាមជាទៀងទាត់ ជារៀងរាល់៣ខែ ទៅ ៤ខែម្តង នឹងជួយធ្វើឲ្យសុខភាពកាន់តែរឹងមាំ ដោយការផ្តល់ឈាមបានដុតបំផ្លាញចោលនូវថាមពលមួយចំនួន ក្នុងពេលផ្តល់ឈាមម្តងៗ និងកាត់បន្ថយការកើតជំងឺមហារីកផងដែរ៕