(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ក្នុងនាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍លើសកម្មភាពមីន ដែលប្រព្រឹត្តិទៅនៅសណ្ឋាគាររ៉េស៊ីដេនសុខាភ្នំពេញ។

កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍សកម្មភាពមីន តំណាងស្ថានទូតប្រចាំកម្ពុជា តំណាងវិស័យឯកជន ប្រតិបត្តិករបោសសម្អាតមីននៅកម្ពុជា និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ នឹងសកម្មភាពមីន។ កិច្ចប្រជុំ នឹងមានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារបោសសម្អាតមីនប្រចាំឆ្នាំ ផែនការសកម្មភាពបន្ត និងការតាំងចិត្តរបស់ដៃគូអភិវឌ្ឍន៍ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលលើការងារបោសសម្អាតមីន ដើម្បីឈានទៅសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ក្នុងនាមប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏សប្បុរស និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ វិស័យឯកជន និងអង្គការនានា ដែលបានផ្តល់នូវការគាំទ្រដល់សកម្មភាពមីន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឲ្យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ ការគាំទ្រទាំងនេះ ពិតជាបានធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាព សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាដែលងាយរងគ្រោះបំផុត និងកំពុងរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយសមិទ្ធិផលសេដ្ឋកិច្ច-សង្គមដ៏គួរឲ្យកត់សម្គាល់បែបនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា សកម្មភាពមីនមនុស្សធម៌ រយៈពេល ៣០ឆ្នាំនេះ មិនត្រឹមតែចូលរួមដល់កិច្ចគាំពារសន្តិភាព និងសន្តិសុខប៉ុណ្ណោះទេ វាថែមទាំងបានចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ នៅកម្ពុជា តាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ក្នុងទំហំផ្ទៃដីបោសសម្អាតរួចចំនួន ២.៥៧៩ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីប្រមាណ ៧៦ % ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពកសិកម្ម។

លោកបន្តទៀតថា រយៈពេល ៦ឆ្នាំចុងក្រោយនេះ កម្ពុជាបានរំដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានជាងមួយភាគបី នៃផ្ទៃដីបោសសម្អាតរួចក្នុងរយៈពេល ៣០ឆ្នាំ។ ជាមួយគ្នានេះ រយៈពេល ៣ឆ្នាំចុងក្រោយ ២០២០-២០២២ កម្ពុជាបានរំដោះផ្ទៃដីមានមីនចំនួន ៤២០ គីឡូម៉ែត្រក្រឡា ស្មើនឹងពាក់កណ្តាលនៃការងារបោសសម្អាតមីនមនុស្សធម៌របស់រដ្ឋភាគីចំនួន ៣៣ ប្រទេសនៃអនុញ្ញាអូតាវ៉ា ដែលកំពុងតែប្រឈម និងប្រតិបត្តិការបោស សម្អាតមីន។

លោកទេសរដ្ឋមន្រ្តី បានបន្តលើកឡើងថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងយ៉ាងណា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជានៅបន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីចំនួន ១.៨៨៥ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៦៣ គីឡូម៉ែត្រក្រឡាដែលកម្ពុជាមានកាតព្វកិច្ចត្រូវបញ្ចប់ក្នុងឆ្នាំ២០២៥ ផ្ទៃដីមានគ្រាប់បែកចង្កោមចំនួន ៧២៩ គីឡូម៉ែត្រក្រឡា និងផ្ទៃដីមានយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតចំនួន ៥៩៣ គីឡូម៉ែត្រក្រឡា។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ឆ្នាំ២០២៣ នេះ គឺជាឆ្នាំមួយដែលកម្ពុជាបានដាក់ផែនការគ្រោងបោសសម្អាតមីនក្នុងទំហំផ្ទៃដីធំជាងគេរហូតដល់ ៤១១ គីឡូម៉ែត្រក្រឡា ដែលមានការគាំទ្រពីគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងដៃគូអភិវឌ្ឍន៍។ ផែនការនេះ បានកាត់បន្ថយមកនៅត្រឹម ៣៥៦ គីឡូម៉ែត្រក្រឡា សម្រាប់ ៩ខែទៀតក្នុងឆ្នាំ២០២៣ បន្ទាប់ពីផ្ទៃដីមួយចំនួនបានបោសសម្អាត រួចក្នុងត្រីមាសទី១។ ដោយឡែកសម្រាប់ផែនការឆ្នាំ២០២៤-២០២៥ បន្តទៀត កម្ពុជាត្រូវការបោសសម្អាតមីនក្នុងទំហំផ្ទៃដីប្រមាណ ១៧៩ គីឡូម៉ែត្រក្រឡា និងត្រូវការថវិកាចំនួន ៤៦ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។

លោកបន្តទៀតថា ក្រោយឆ្នាំ២០២៥ កម្ពុជានៅត្រូវការការគាំទ្របន្ថែមទៀតពីដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ក្នុងដោះស្រាយបញ្ហាគ្រាប់បែកចង្កោម គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត កិច្ចសង្រ្គោះជនរងគ្រោះ និងសកម្មភាពអប់រំយល់ដឹងអំពីហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាម ជាដើម។