(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ប្រជាការពារ និងប្រជាពលរដ្ឋទាំងអស់ រួមគ្នាបន្តអនុវត្តឱ្យបានជោគជ័យ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច និងចូលរួមថែរក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន និយាយជារួមនិងនិយាយដោយឡែក ក្នុងខេត្តពោធិ៍សាត់យើងផ្ទាល់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានអំពាវនាវបែបនេះ នៅសាលប្រជុំខេត្ត ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាការពារ ប្រមាណ៧២៥នាក់ មកពី៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ដោយបានការចូលរួម ពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរក្រុង/សង្កាត់មួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះបងប្អូនប្រជាការពារទាំងអស់ ដែលបានចូលរួមក្នុងការការពារប្រជាពលរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយអាទិភាពមួយ ក្នុងកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ។

លោកបានបន្តថា ការអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាការពារនាពេលនេះ គឺក្នុងនាមលោកទើបមកដឹកនាំខេត្តពោធិ៍សាត់ បានជាង៤ខែ ដើម្បីចង់ដឹងពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងប្រជាការពារផង និងក៏ជាឱកាសមួយដ៏ល្អ ដែលយើងបានជួបជុំគ្នា មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧ គស.២០២៣។

បន្ថែមពីនេះ លោកបានផ្តាំផ្ញើដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសមិទ្ធផលដែលកើតមាននៅក្នុងមូលដ្ឋាន និងបន្តពួតដៃគ្នាថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ឱ្យកាន់តែដំណើរការទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកបានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់ការពារប្រជាពលរដ្ឋនេះ មិនមែនការពារតែមុនពេលឃោសនាបោះឆ្នោត ឬពេលបោះឆ្នោតនោះទេ ពោលគឺត្រូវយកភារកិច្ចរបស់ខ្លួន ទៅបម្រើរាស្រ្តឱ្យបានល្អប្រសើរ តាមដែលអាចធ្វើទៅបាន ក្នុងគោលដៅឆ្ពោះទៅត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ នាពេលបោះឆ្នោតខាងមុខ។

បន្ទាប់ពីជម្រាបជូនអំពីកិច្ចការងារដែលត្រូវអភិវឌ្ឍន៍ និងចូលរួមសប្បាយអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនោះ, លោក ខូយ រីដា ក៏បានផ្តល់ជូនវត្ថុកំដរដៃ ដល់បងប្អូនប្រជាការពារ ប្រមាណ៧២៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបានសារុង១, ទឹកក្រូច២ដបធំ និងថវិកាម៉ឺនរៀល៕