(កែប)៖ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងអគ្គលេខាធិការរង នៃគ.ជ.ស.ស តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទឹក។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ប្រធានអង្គភាព មេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូច និងមន្ត្រីក្រោមឱវាទ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។
លោកឧត្តមសេនីយ៍ឯក ទូច ពលៈ បានសម្ដែងការអបអរសាទរ ចំពោះនាយ-នាយនគរបាលរង នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដែលទទួលបានការយកចិត្តទុកដាក់ និងលើកទឹកចិត្ត តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ក៏បាននាំនូវការផ្ដាំផ្ញើរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដល់នាយ-នាយនគរបាលរងទាំងអស់ ដែលបានទទួលមុខតំណែងថ្មី និងការបំពាក់ឋានន្តរស័ក្តិនាថ្ងៃនេះ ត្រូវធ្វើជាកងកម្លាំងគំរូ គឺត្រូវគោរពវិន័យលេខ០០៦របស់កងកម្លាំងនគរបាលជាតិកម្ពុជា ច្បាប់ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្រ្តីនគរបាលជាតិ និងត្រូវបន្ដពង្រឹងសាមគ្គីភាពផ្ទៃក្នុង។
លើសពីនេះ ត្រូវគោរពវិន័យកងកម្លាំងនគរបាលជាតិ ខិតខំរៀនសូត្របង្កើនចំណេះដឹង សម្រាប់អនុវត្តភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យប្រកបដោយជោគជ័យ និងប្រសិទ្ធិភាពខ្ពស់ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដើម្បីជាកិច្ចចូលរួមចំណែកលើកស្ទួយកិត្យានុភាព និងឧត្តមភាពរបស់កងកម្លាំងនគរបាលជាតិកម្ពុជា៕