(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ សន្និសីទអ្នកប្រើប្រាស់ថ្នាក់ជាតិ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ពង្រឹងសិទ្ធិអំណាចអ្នកប្រើប្រាស់ ដើម្បីជំរុញការអនុវត្ត ដោយសុចរិតលើទីផ្សារ» ត្រូវបានប្រារព្វធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnom Penh Phokeethra)។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ដោយមានការចូលរួមពី លោក លោកស្រី ជាអនុប្រធានអចិន្រ្តៃយ៍ អនុប្រធាន និងសមាជិក គ.ជ.ក.ប. ព្រមទាំង លោក លោកស្រី អ្នកនាង កញ្ញាមកពីស្ថាប័នជាតិ និងអន្តរជាតិ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល សហគ្រាសសង្គម និងអ្នកប្រើប្រាស់ស្ម័គ្រចិត្ត សរុបប្រមាណ១៦០នាក់ ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ សរុបប្រមាណ២,០០០នាក់។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដោយអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដោយមានការគាំទ្រ ពីក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) នៃប្រទេសអាល្លឺម៉ង់ អនុវត្តដោយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដើម្បីបង្ហាញអំពី តួនាទីកាន់តែសកម្មឡើង នូវកិច្ចការពារអ្នកប្រើប្រាស់ ក្នុងយុគសម័យ នៃការអភិវឌ្ឍយ៉ាងលឿន ផ្នែកបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម ដែលកើតចេញពីការធ្វើពាណិជ្ជកម្មមិនសុចរិត តាមគ្រប់ទម្រង់។
លោក ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ថា សន្និសីទថ្នាក់ជាតិលើកនេះ ធ្វើឡើងដោយភ្ជាប់ជាមួយទិវាសិទ្ធិ អ្នកប្រើប្រាស់ពិភពលោក ថ្ងៃទី១៥ ខែមីនា ដែលទើបកន្លងផុតទៅថ្មីៗនេះ ដែលនេះបញ្ជាក់ថា សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ត្រូវបានយកចិត្តទុកដាក់ និងទទួលបានការការពារដោយរដ្ឋាភិបាល នៃប្រទេសជាសមាជិកអង្គការ សហប្រជាជាតិ ពីការ អនុវត្តអាជីវកម្មគ្មានសីលធម៌ ឬមិនមានភាពសុចរិត ទាំងក្រៅ និងលើបណ្ដាញអ៊ីនធើណិត។
ដើម្បីធានាបាននូវប្រសិទ្ធភាព នៃកិច្ចការពារអ្នកប្រើប្រាស់ អង្គការសហប្រជាជាតិសម្រាប់កិច្ចការពារអ្នកប្រើប្រាស់ (UNGCP) បានចេញគោលការណ៍ណែនាំដល់ប្រទេសជាសមាជិកគួរបង្កើតក្របខណ្ឌច្បាប់ បទប្បញ្ញត្តិការពារ អ្នកប្រើប្រាស់ ស្ថាប័នអនុវត្តច្បាប់ និងយន្តការដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលមានប្រសិទ្ធភាព និងលើកកម្ពស់កិច្ច សហប្រតិបត្តិការជាអន្តរជាតិ លើការចែករំលែកព័ត៌មាន និងបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់។ ដូចគ្នានេះដែរ នៅក្នុងតំបន់អាស៊ាន កិច្ចការពារអ្នកប្រើប្រាស់ត្រូវបានចាត់ទុកជាបញ្ហាអាទិភាព និងបានកំណត់ក្នុងផែនការសកម្មភាព យុទ្ធសាស្ត្រ សម្រាប់កិច្ចការពារអ្នកប្រើប្រាស់ឆ្នាំ២០១៦-២០២៥ (ASAPCP) ព្រមទាំងបានលើកទឹកចិត្ត ដល់ប្រទេស ជាសមាជិក ក្នុងការបង្កើតក្របខណ្ឌបទប្បញ្ញត្តិ ដើម្បីឲ្យប្រព័ន្ធការពារ អ្នកប្រើប្រាស់កាន់តែល្អប្រសើរ។
ក្នុងបរិបទនេះ ទោះបីជាប្រទេសកម្ពុជា មានរបបការពារ អ្នកប្រើប្រាស់ក្មេង ជាងគេនៅក្នុងតំបន់ អាស៊ាន ក៏ដោយ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ចាប់តាំងពីការអនុម័ត ដាក់ឲ្យប្រើប្រាស់ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់កាលពីឆ្នាំ២០១៩មក។
បន្ថែមពីលើច្បាប់ ឯកសារគតិយុត្តជាច្រើនទៀត ត្រូវបានរៀបរៀង និងអនុម័តឡើង ក្នុងនោះក៏មានគោលការណ៍ ណែនាំស្តីពីការបង្កើត សមាគម អ្នកប្រើប្រាស់តាមវិស័យ និងការដាក់ចេញ នូវកម្មវិធីជាតិ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីធ្វើសុខដុមនីយកម្មក្របខណ្ឌ កិច្ចការពារ អ្នកប្រើប្រាស់ ឲ្យមានសង្គតិភាព សម្រាប់ជំរុញទីផ្សារឲ្យមានសុចរិតភាព តម្លាភាព និងទំនួលខុសត្រូវខ្ពស់ សំដៅពង្រឹងសិទ្ធិអំណាច អ្នកប្រើប្រាស់ ដើម្បីជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងបង្កើនទំនុកចិត្តក្នុងធុរកិច្ច ដែលធ្វើឲ្យប្រសើរឡើង នូវប្រសិទ្ធភាពសេដ្ឋកិច្ច។
សេដ្ឋកិច្ចកម្ពុជា មានការវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជាវិស័យមួយក្នុងចំណោមវិស័យ ដែលមានថាមវន្តខ្លាំងបំផុត នៅក្នុងប្រទេស។ បច្ចេកវិទ្យា និងនវានុវត្តន៍ ដូចជាការទូទាត់បែបឌីជីថល កំពុងក្លាយជាបទដ្ឋាន សម្រាប់អ្នកប្រើប្រាស់ជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏ទទួលរង នូវហានិភ័យផ្នែកសុវត្ថិភាព និងឯកជនភាពដ៏ច្រើនផងដែរ ដែលចាំបាច់ត្រូវដោះស្រាយយ៉ាងសកម្ម។
អាជីវកម្មត្រូវប្រឈមមុខ នឹងលក្ខខណ្ឌតម្រូវផ្នែកច្បាប់ជាច្រើន ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើការរួមគ្នា ដើម្បីបង្កើតគោលនយោបាយច្បាស់លាស់ និងមានសង្គតិភាព។ ដើម្បីបំពេញចន្លោះប្រហោង ទាក់ទងនឹងយន្តការដោះស្រាយវិវាទ និងអ្នកប្រើប្រាស់ ប្រទេសកម្ពុជាអាចរៀន ពីបទពិសោធន៍ នៃប្រទេសអាស៊ានផ្សេងទៀត។ វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតចំពោះការអប់រំអ្នកប្រើប្រាស់ និងអាជីវកម្ម ឧទាហរណ៍ តាមរយៈកម្មវិធីទូរស័ព្ទ ឬយុទ្ធនាការតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏អាចពិនិត្យមើលផងដែរ។
លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា តាមរយៈវេទិកា នៃអង្គសន្និសីទនេះអ្នកចូលរួមទាំងអស់ នឹងបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន ក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ ដើម្បីផ្តល់ជាធាតុចូល ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀត នូវការយល់ដឹងអំពីសិទ្ធិ របស់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយរំពឹងថា លទ្ធផល ដែលកើតចេញ ពីកិច្ចពិភាក្សានេះ អ្នកចូលរួមអាចទទួល បាននូវទស្សនៈផ្សេងៗ ស្របទៅតាមច្បាប់ និងឈានឆ្ពោះ ទៅការកសាងភាពជាដៃគូ រវាងវិស័យ សាធារណៈ និងវិស័យឯកជន ដើម្បីធានាដល់ការអនុវត្ត ប្រកបដោយប្រសិទ្ធភាព តាមកម្មវិធីជាតិ ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ ដែលអង្គប្រជុំគណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់អនុម័ត ឲ្យក្លាយជាឯកសារគតិយុត្ត នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២។
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក ក.ប.ប. បានលើកឡើងថា «យើងទាំងអស់គ្នា គឺជាអ្នកប្រើប្រាស់ ដូច្នេះ យើង ត្រូវតែសម្ដែងមតិ របស់យើង ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ស្របទៅតាមច្បាប់»។
ច្បាប់ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ច្បាប់ស្តីពីការ ធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាព ម្ហូបអាហាររបស់យើង មានលក្ខណៈល្អរួចទៅហើយ ក្នុងការដោះស្រាយតម្រូវការបន្ទាន់ ដែលធ្វើឱ្យកើតមាននូវវិធីថ្មី នៃរបៀបធ្វើអាជីវកម្ម និងប្រតិបត្តិការ អ្នកប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវតែសម្របខ្លួនជានិច្ច និងធ្វើឲ្យប្រាកដថា អ្នកប្រើប្រាស់ ក៏ត្រូវមានភាពឆ្លាតវៃគ្រប់គ្រាន់ផងដែរ ដើម្បីការពារខ្លួន ពីហានិភ័យ ដូចជាការបោកប្រាស់ ទាក់ទងនឹងការទិញទំនិញ ឬប្រាក់កម្ចីតាមអ៊ីនធើណិត។
លោកបន្ថែមទៀតថា ក្រោមចក្ខុវិស័យប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានសម្រេចឲ្យមានការរៀបចំ តាក់តែងច្បាប់ ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិ ក្រោមច្បាប់ទាំងនេះឡើង ស្របទៅនឹង ឧត្តមានុភាពល្អ អន្តរជាតិ។
ក្រសួងពាណិជ្ជកម្ម ដែលមានអគ្គនាយកដ្ឋាន ក.ប.ប. ជាសេនាធិការ ដែលត្រូវបានប្រគល់ អាណត្តិដោយច្បាប់ ជាស្ថាប័នមួយនាំមុខទទួលបន្ទុកជំរុញ ឲ្យមានការអនុវត្តច្បាប់ពាក់ព័ន្ធ និងកិច្ចការពារអ្នកប្រើប្រាស់ និងផ្សព្វផ្សាយច្បាប់ទាំងនេះ ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ជូនដល់គ្រប់ស្រទាប់មហាជន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបញ្ជ្រាបការយល់ដឹង កាន់តែស៊ីជម្រៅជូនដល់អ្នកប្រើប្រាស់ និងអ្នកធ្វើធុរកិច្ច សំដៅធ្វើយ៉ាងណាឲ្យសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ត្រូវបានការពារជាមួយការធ្វើពាណិជ្ជកម្មប្រកប ដោយការប្រកួតប្រជែងដោយសុចរិត អ្នកប្រើប្រាស់ និងពាណិជ្ជករ ធ្វើសកម្មភាពពាណិជ្ជកម្ម ជាមួយគ្នាដោយមានទំនុកចិត្ត និងធ្វើឲ្យសង្គម មានសុខដុមនីយកម្ម ព្រមទាំងមានការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព៕