(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី៤ ខែមេសា​ ឆ្នាំ២០២៣ បានបន្តនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ធឹម សំអាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋទីទ័លក្រ ចាស់ជរា ក្មេងកំព្រា និងពលរដ្ឋរងគ្រោះធម្មជាតិផ្សេងៗ។

លោកអភិបាលខណ្ឌក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នពីគ្រោះធម្មជាតិផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ពិសេសការពារពីជំងឺតម្កាត់ផ្សេងៗនៅរដូវប្រាំងនេះ។

លោកអភិបាលខណ្ឌក៏បាន​ក្រើនរំលឹកដល់ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមានការប្រុងប្រយ័ត្ន​​ចំពោះសម្ភារៈ​ ក៏ដូចជា​ពិនិត្យមើល​ទៀន​ធូប​ មុននឹងចេញដំណើរចាកចេញពីផ្ទះទៅស្រុកកំណើត ខណៈទៅលេងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីកុំឱ្យមានការឆាបឆេះបង្កើតជាអគ្គិភ័យ​ដែលបានកើតឡើងជាយថាហេតុ​។

គួរជម្រាបថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារៗ ទទួលបានអង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ និងថវិកាមួយចំនួនផងដែរ៕