(ព្រះសីហនុ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌នៅកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។

បន្ទាប់ពីបំពេញភារៈកិច្ចក្នុងការព្យាបាលជំងឺជូនប្រជាពរដ្ឋចប់ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន លោក សុឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រគល់លិខិតថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យទាំងអស់ និងពិសារអាហារសាមគ្គីរួមគ្នា នារាត្រីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក សុឹម យ៉ារ៉ែន ក្នុងនាមលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនូវអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌នៅកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង ដែលបានសហការគ្នាចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ពិសេសចំណាយពេលវេលា កម្លាំងកាយ-ចិត្ត ក្នុងការគិតគូរពីសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

លោក សុឹម យ៉ារ៉ែន សង្ឃឹមជឿជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង និងបន្តសហការជាមួយពេទ្យកម្ពុជា ក្នុងការចុះព្យាបាលជំងឺនៅតំបន់ផ្សេងៗទៀត និងចែករំលែកនៅបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីភាពរីកចម្រើនក្នុងវិស័យសុខាភិបាល និងការងារមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕