(កែប)៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តកែប លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្យមាតុភូមិកម្ពុជាខេត្តកែប បានទទួលជួបសំណេះសំណាល និងស្វាគមន៍គណៈប្រតិភូ រណសិរ្សមាតុភូមិវៀតណាម ខេត្តគៀនយ៉ាង ដឹកនាំដោយលោកស្រី ឡេ ធី វេ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តគៀងយ៉ាង មកសាកសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តកែប ក្នុងឱកាសពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។
ក្នុងកិច្ចទទួលស្វាគមន៍នោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងថា ក្នុងកាលៈទេសៈទាំងអស់ កម្ពុជា-វៀតណាម តែងតែនៅក្បែរគ្នា និងជួយគ្នាទៅវិញទៅមកក្នុងស្មារតីទទួលខុសត្រូវ និងសម្រេចឱ្យបាននូវឆន្ទៈរួមរបស់ រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។
ទទន្ទឹមនេះ លោកអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា ខេត្តទាំងពីរ និងពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពបន្ថែមទៀត នាពេលអនាគត ដើម្បីសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍។
លោកស្រី ឡេ ធីវេ ជួសមុខឲ្យថ្នាក់ដឹកនាំនៃខេត្តគៀនយ៉ាង ប្រទេសវៀតណាម សូមបួងសួងទេវតាឆ្នាំថ្មី ឆ្នាំថោះ តាមជួយថែរក្សា ប្រោសព្រំសព្ទសាធុការពរ ជូនដល់អភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ក្នុងខេត្តកែប នៃព្រះរាជាណាចក្រកម្ពុជា សូមទទួលបាននៅកំលាំងពលំមាំមួន ជៀសឆ្ងាយពីជំងឺកាចសាហាវទាំងពួង ព្រមទាំងទទួលបាននៅជោគជ័យគ្រប់ភារកិច្ច។
លោកស្រី ក៏សូមឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ និងចំណងមិត្តភាព កាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើនទាំងផ្នែកជីវភាពរស់នៅរបស់ប្រជាជន និងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងខេត្តទាំងពីរ។
ជាចុងបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមកក្នុងស្មារតីមិត្តភាព សាមគ្គីភាព ប្រកបដោយភាពស្និតស្នាលបំផុត៕