(កំពង់ធំ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ សមាគមកម្ពុជាប្រឆាំងកូវីដ១៩ សមាគមវិនិយោគិននវានុត្តន៍ និងអភិវឌ្ឍន៍, សមាគម Lions Club Singapore Beverly Hills (LCS) និងគណៈអភិបាលខេត្តកំពង់ធំ រៀបចំកម្មវិធីសប្បុរសធម៌ ប្រគល់សម្ភារសិក្សាដល់សិស្សានុសិស្សចំនួន៦០០នាក់ នៅសាលារៀនចំនួន៤ ក្នុងខេត្តកំពង់ធំ។

អំណោយគឺជាការឧបត្ថម្ភរបស់សមាគម Lions Club Singapore Beverly Hills (LCS) ប្រទេសសឹង្ហបុរី ដឹកនាំដោយលោកវេជ្ជបណ្ឌិត Richard Goh YH ប្រធានសមាគម។

ពិធីចែកអំណោយរបស់សប្បុរសជននេះដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិក សមាជិកា ដែលធ្វើឡើងក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ សាលារៀនចំនួន៤ ដែលទទួលបានអំណោយរួមមាន៖ សាលាបឋមសិក្សាល្ហុង សាលាបឋមសិក្សាជ័យ សាលាបឋមសិក្សាម្នាវ និងសាលាបឋមសិក្សាអូរតាសេក កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថ្មីៗនេះ។

នៅក្នុងពិធីប្រគល់សម្ភារសិក្សា លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានពាំនាំការសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិតិ្តយស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគសមាគម TYDA និងសមាគមកម្ពុជាប្រឆាំងកូវីដ១៩ ក៏ដូចជាប្រសាសន៍ណែនាំឱ្យក្មួយៗសិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សាដើម្បីក្លាយជាទំពាំងស្នងឬស្សីរបស់មាតុប្រទេស។

លោកក៏បានលើកឡើងដែរថា «ពិធីចែកអំណោយនេះធ្វើឡើង ដើម្បីជួយចូលរួមចំណែកលើកស្ទួយវិស័យអប់រំតាមរយៈការបរិច្ចាគសម្ភារៈសិក្សាដល់សិស្សានុសិស្សក្រីក្រខ្វះលទ្ធភាព ប្រយោជន៍កាត់បន្ថយអត្រានៃការបោះបង់ចោលការសិក្ស»។

សម្ភារសិក្សាដែលត្រូវបរិច្ចាគរួមមាន សៀវភៅសរសេរ ខ្មៅដៃ ជ័រលុប ប៊ិក ប្រដាប់ខួងខ្មៅដៃ កាតាប ភួយ ច្រាស់ដុសធ្មេញ កន្ត្រៃកាត់ក្រចក ជែលលាងដៃ និងសម្លៀកបំពាក់ជាដើម។

នាឱកាសនោះដែរ លោក ងួន រតនៈ បានថ្លែងអំណរគុណដល់សមាគម TYDA សមាគមកម្ពុជាប្រឆាំងកូវីដ១៩ សមាគម LCS សមាគម IDI និងក្រុមហ៊ុន IDC ដែលបាននាំយកសម្ភារៈសិក្សាជាច្រើនមកបរិច្ចាគសាលារៀននៅក្នុងខេត្តកំពង់ធំ។ លោកសង្ឃឹមថាសិស្សានុសិស្សទាំងអស់នឹងប្រើប្រាស់សម្ភារៈដែលទទួលបានដើម្បីបម្រើដល់សកម្មភាពសិក្សារបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត Richard Goh YH បានថ្លែងយ៉ាងដូច្នេះថា «សមាគម LCS មានចក្ខុវិស័យក្នុងការជួយឧបត្ថម្ភដល់សង្គម និងវិស័យអប់រំតាមរយៈការជួយដល់សិស្សានុសិស្សខ្វះខាត ហើយលោកសន្យាថា សមាគម LCS នឹងខិតខំស្វែងរកជំនួយជាសម្ភារសិក្សា និងអាហារូបករណ៍បន្ថែមទៀតដល់ក្មួយៗសិស្សានុសិស្សនាពេលខាងមុខ»។

សមាគម IDI ប្រមូលផ្តុំដោយអ្នកវិនិយោគិនក្នុងស្រុកចំនួន ១០១ នាក់ដែលមានជំនាញ ចំណេះដឹង និងបទពិសោធន៍ចម្រុះពីស្ទើគ្រប់វិស័យនៅកម្ពុជា ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំង។ រចនាសម្ព័ន្ធ និងសកម្មភាពស្នូលរបស់សមាគម ត្រូវបានរចនាឡើងជាមួយនឹងឆន្ទៈនៃការជំរុញភាពជាដៃគូប្រកបដោយភាពស្វាហាប់ ប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈវេទិកាដែលគាំទ្រសកម្មភាពពាណិជ្ជកម្មសម្រាប់វិនិយោគិន ដៃគូរយុទ្ធសាស្រ្ត និងសហគ្រិននៅកម្ពុជា៕