(ភ្នំពេញ)៖ ស្ត្រីវ័យកណ្តាលម្នាក់មានអាការ:ស្រវឹងទ្រេត ឈរទប់ខ្លួនស្ទើរមិនជាប់ បានបើករថយន្ត Lexus RX300 មួយគ្រឿង ទៅបុកបង្គោលភ្លើងបណ្តាលឲ្យបាក់រាបដល់ដី និងធ្វើឲ្យរថយន្តខូចខាតធ្ងន់តែមិនបណ្តាលឲ្យស្ត្រីរូបនោះរងរបួសធ្ងន់ធ្ងរទេ។
ហេតុការណ៍នេះ បានកើតឡើងត្រង់មុខក្រុមហ៊ុនលក់រថយន្តម៉ាក Range Rover តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបើករថយន្តបុកបង្គោលភ្លើងនេះ បានកើតឡើង គេបានឃើញស្ត្រីវ័យកណ្តាលខាងលើ ដែលមានអាការ:ស្រវឹងឈរទប់ខ្លួនស្ទើរមិនជាប់នោះបើករថយន្ត Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Z-9456 តាមមហាវិថីសហព័ន្ធរុស្ស៉ី យ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត តែម្នាក់ឯង។
លុះបើកមកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពស្រវឹងខ្លាំងពេក ទប់អារម្មណ៍មិនបាន និងមើលផ្លូវមិនច្បាស់ ដោយសារតែសុរាចូលពេញខ្លួនហើយនោះ នាងបានបើករថយន្តរេឡើង ទៅលើចិញ្ចើមផ្លូវ បុករះគល់ឈើនិងបន្តទៅបុកផ្ទប់បង្គោលភ្លើង ដែលដាក់បំភ្លឺតាមផ្លូវបណ្តាលឲ្យបាក់រាបដល់ដី និងធ្វើឲ្យបង្គោលភ្លើងនោះវាត់ទៅត្រូវ រថយន្តផ្នែកខាងមុខត្រង់អ្នកបើកបរ បណ្តាលឲ្យខូចខាតធ្ងន់ តែសំណាងល្អមិនត្រូវចំស្ត្រីបើករបររូបនោះទេ។
ក្រោយកើតហេតុរថយន្តត្រូវបាន ខាងនគរបាលចរាចរណ៍ក្រុង ស្ទួចយកទៅរក្សាទុក ដើម្បីដោះស្រាយនៅពេលក្រោយ។
ដោយឡែកមានករណីគ្រោះថ្នាក់ចរាចរណ៍មួយទៀត គឺរនាំងដែក២ផ្ទាំងបានបាក់ ដោយសារបុរសស្រវឹងស្រាម្នាក់ បើករថយន្ត Lexus RX 300 ទៅបុកនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាម៉ោង១៖១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីកន្លែងដែលមានគ្រោះថ្នាក់ចរាចរណ៍ ខាងលើបានប្រាប់ថា មុនកើហេតុគេបានឃើញបុរសស្រវឹង ស្រាម្នាក់ បានបើករថយន្ត Lexus RX300 ពាក់ស្លាកលេខ ភ្នំពេញ 2AK-1070 បើកក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុ ត្រង់មុខព្រលានយន្តហោះ គេបានឃើញបុរសដែលស្រវឹងខាងលើ បានបើករថយន្តរេទៅបុករនាំងដែក ដែលដាក់ខណ្ឌចែកទ្រូងផ្លូវ បណ្តលឲ្យបាក់អស់២ផ្ទាំង និងបណ្តាលឲ្យរថយន្តបែកកង់ខាងមុខ មិនអាចបន្តដំណើរទៅមុខទៀតបាន តែមិនបណ្តាលឲ្យអ្នកបើកបរ ដែលស្រវឹងនោះមាគ្រោះថ្នាក់ទេ ។
ក្រោយកើតហេតុទាំងអ្នកបើកបរ ទាំងរថយន្តត្រូវបាន មន្ត្រីជំនាញចុះមកស្ទួចយកទៅរក្សារទុកនៅការិយាល័យចរាចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕