(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃចន្ទ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញបូកសរុបការងារប្រចាំខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញ ចូលរួមពីលោកអភិបាលរងខេត្ត អភិបាល អភិបាលរងក្រុងស្រុកទាំង១៤ក្នុងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការសាលាខេត្តដែលពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់ពីបានស្ដាប់អំពីលទ្ធផលការងារដែលរដ្ឋបាលខេត្តបាត់ដំបងបានសម្រេចកន្លងទៅនេះ លោក សុខ លូ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រធានមន្ទីរពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់ពាក់ព័ន្ធទៅនឹងបញ្ហាចរាចរណ៍ បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ដែលកើតមាននៅក្នុងភូមិសាស្រ្ដរបស់ខ្លួន ត្រូវធ្វើការទប់ស្កាត់ និងបង្ក្រាបឱ្យបានមានប្រសិទ្ធភាពបំផុត។
ទន្ទឹមនឹងនោះ លោកបានណែនាំអភិបាលស្រុក និងប្រធានច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់ព្រំដែនទាំងអស់ ត្រូវធ្វើការទប់ស្កាត់លួចឆ្លងដែនខុសច្បាប់នៅតាមច្រកទ្វារអន្តរជាតិ និងច្រកទ្វារតំបន់នានាក្នុង ភូមិសាស្រ្ដខេត្ត ហើយបើករណីមានការលួចជួញដូរមនុស្សខុសច្បាប់ ត្រូវធ្វើការស្វែងរកឱ្យឃើញនូវមេខ្លោងក្នុងការនាំមនុស្សចេញចូលខុសច្បាប់ ក៏ដូចជាត្រូវចូលរួមក្នុងការទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ ដោយមិនមានការបង់ពន្ធ ធ្វើឱ្យបាត់បង់ចំណូលពន្ធចូលរដ្ឋ។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សង្រ្កាន្ដឆ្នាំថ្មីនាពេលខាងមុខ អភិបាលខេត្តបាត់ដំបង បានណែនាំអភិបាលក្រុងស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវរៀបចំក្រុមប្រចាំការឱ្យបានរួចជាស្រេច ការពារសន្ដិសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋ ត្រូវត្រៀមរថយន្តពន្លត់អគ្គិភ័យឱ្យបានរួចជាស្រេច ព្រោះថាឥឡូវនេះជារដូវក្ដៅ ហើយអាកាសធាតុហាក់បីដូចជាកាន់តែមានកម្ដៅជាងមុន ដែលងាយនឹងបង្កឱ្យបានជាគ្រោះធម្មជាតិនានាដូចជា ខ្យល់កន្រ្តាក់ជាដើម ពិសេសគឺអាចបង្កឱ្យមានអគ្គិភ័យឆាបឆេះឡើង ដូចនេះត្រូវត្រៀមរួចជាស្រេចក្នុងការចេញអន្តរាគមន៍សង្រ្គោះបន្ទាន់ ក្នុងករណីកើតឡើងណាមួយជាយថាហេតុ៕