(ភ្នំពេញ)៖​ រថយន្ដដឹកដែកថយចូលការដ្ឋាន​សំណង់មួយកន្លែង ដោយពុំមានភ្លើង​សម្រាប់បំភ្លឺ​ ស្រាប់តែម៉ូតូមួយគ្រឿង ដែលជិះដោយបុរសម្នាក់ មកដល់បានបុកពីក្រោយពេញទំហឹង​ បណ្ដាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនាម៉ោងជាង១០យប់ថ្ងៃទី៨​ ខែកក្កដា​ ឆ្នាំ២០១៦​ តាមបណ្ដោយមហាវិថីសហព័ន្ធរស្ស៉ី​ ស្ថិតក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ។​

សាក្សីដែលឃើញហេតុការណ៍​បានឱ្យដឹងថា​ មុនពេលកើតហេតុ​គេឃើញ រថយន្ដដឹកដែកធុនធំមួយគ្រឿង​ ពាក់ស្លាកលេខ AT 07-3-0122​ បើកបរក្នុងទិសដៅពីលិចទៅកើត​ លុះដល់ចំណុចកើតហេតុបានថយ​ បត់ចូលការដ្ឋាន​ខាងលើ ដោយសារតែរថយន្ដមិនមានភ្លើងបំភ្លឺ​ ស្រាប់តែពេលនោះមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿង​ ម៉ាក Honda Dream​ ពាក់ស្លាកលេខភ្នំពេញ 1AT-6448​ បានបុកពេញទំហឹង ធ្វើឱ្យជនរងគ្រោះរួមទាំងម៉ូតូខ្ទាតចូលក្រោម រថយន្ដរងរបួសធ្ងន់ធ្ងរ។​

ក្រោយពេលកើតហេតុ​ ជនរងគ្រោះត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ចំណែករថយន្ដ​ និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ​យកទៅរក្សាទុក​ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕