(ស្វាយរៀង)៖ ដោយអនុវត្តខ្លឹមសារយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងយុទ្ធសាស្រ្តពហុវិស័យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តស្វាយរៀង នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានចុះផ្សព្វផ្សាយបង្កើនការយកចិត្តទុកដាក់ពីបញ្ហាគ្រឿងញៀនដល់ទីតាំងសេវាទេសចរណ៍រួមមាន ផ្ទះសំណាក់ សណ្ឋាគារ ក្លឹបកម្សាន្ត បន្ទប់ជួលមួយចំនួននៅក្រុងបាវិត មុនថ្ងៃចូលមកដល់នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧។
លោក ឡោ សុវិជ្ជា អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ បានឱ្យដឹងថា ម្ចាស់ទីតាំងសេវាទេសចរណ៍ទាំងអស់ត្រូវតែយល់ដឹង និងចូលរួមបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀន ដោយធានាបានថាទីតាំងរបស់ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់រក្សាទុក ជួញដូរ និងចែកចាយគ្រឿងញៀនដែលមានក្នុងការកំណត់ដោយច្បាប់ស្តីពីកាត្រួតពិនិត្យគ្រឿងញៀន។
ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ, ឧត្តមសេនីយ៍ឯក លឹម តុងហួត បានអរគុណដល់ម្ចាស់ទីតាំងសេវាទេសចរណ៍ទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរអនុវត្តយ៉ាងសកម្មរាល់គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានដាក់ចុះមកអនុវត្តសំដៅការពារបាននូវភាពសុខុដុមរមនា អ្នកទេសចរណ៍ ប្រជាពលរដ្ឋមិនមានការភ័យខ្លាចពួកគាត់នឹងមករស់នៅ និងទស្សនានូវភាពស្រស់ស្អាតរីកចម្រើន នៃក្រុងបាវិត អាជីវករទទួលបានផលប្រយោជន៍គឺប្រាក់ចំណូល និងសង្គមចៀសផុតបានពីបញ្ហាគ្រឿងញៀន និងសូមបន្តការចូលរួមនេះជាបន្តទៀត។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តទៀតថា ការចូលរួមរបស់វិស័យឯកជន ពិសេសវិស័យទេសចរណ៍គឺពិតជាមានសារសំខាន់ណាស់ពិសេសស្របនឹងទិសស្លោកប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍ សមត្ថកិច្ចបីកុំ ៖កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងមួយរាយការណ៍ ប្រជាពលរដ្ឋត្រូវរាយការណ៍រាល់បទល្មើសគ្រឿងញៀនដល់សមត្ថកិច្ច ដើម្បីងាយស្រួលអន្តរាគមន៍បង្ការទប់ស្កាត់ បង្រ្កាបបានទាន់ពេល៕