(ក្រចេះ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តចាត់ទុកវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាវិស័យអាទិភាព និងជាតម្រូវការចាំបាច់ដ៏សំខាន់មួយ ក្នុងចំណោមវិស័យអាទិភាពទាំង៤ រួមមាន៖ មនុស្ស ផ្លូវ ភ្លើង និងទឹក ដែលបានកំណត់ នៅក្នុងយុទ្ធសាស្ត្រ ចតុកោណ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន ការទំនាក់ទំនងរបស់ប្រជាពលរដ្ឋ ទៅដល់គ្រប់ទីកន្លែងនៅក្នុងប្រទេស និងការតភ្ជាប់ជាមួយប្រទេសជិតខាង ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ​របស់ប្រទេសជាតិ។

លោកស្រី ម៉ែន សំអន បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ នាឱកាសតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ ៣៧៧A ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក និងដោយមានការចូលរួមពីលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា និងមន្ត្រីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឱ្យដឹងទៀតថា គម្រោងលើកកម្រិត និងជួសជុលថែទាំខ្សែផ្លូវទាំង៣នេះ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះនេះ គឺជាចំណងដៃថ្មីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តក្រចេះ បន្ទាប់ពីការប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីដើមឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី។

លោកស្រី បានបន្ថែមទៀតថា យើងពិតជាមិនអាចបំភ្លេចបានពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។ ការទទួលបាននូវសុខសន្តិភាព និងការរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ គឺបានមកពីការយកអាយុជីវិតធ្វើជាដើមទុន ការធ្វើពលិកម្មដ៏ធំធេង និងការប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំតស៊ូរហូតរំដោះប្រទេសជាតិ ចេញពីរបបខ្មៅងងឹតដោយជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

ក្រោយរួចផុតពីរបប ប៉ុលពត និងការបញ្ចប់សង្គ្រាមផ្ទៃក្នុងតាមរយៈនយោបាយឈ្នះឈ្នះ យើងបានខិតខំប្រឹងប្រែងស្ដារ និងកសាងប្រទេសជាតិឡើងវិញ ដោយបានប្រែក្លាយទឹកដីដែលធ្លាប់ជាវាលពិឃាត និងសមរភូមិនៃសង្គ្រាមទៅជាទឹកដីដែលមានសន្តិភាព សាមគ្គីភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ព្រមទាំងបានបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ាអភិវឌ្ឍ ដោយទទួលបានវឌ្ឍនភាពរីកចម្រើនឥតឈប់ឈរ ដូចដែលយើងទាំងអស់គ្នាបានឃើញនាពេលបច្ចុប្បន្ននេះ។

បន្ថែមពីនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោយការលើកកម្រិត និងជួសជុលថែទាំត្រូវបានបញ្ចប់ កំណាត់ផ្លូវជាតិលេខ៧៣ និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧Aនេះ នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋរស់នៅភូមិសាស្ត្រខេត្តក្រចេះ ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទាំងការធ្វើដំណើរទៅមកប្រចាំថ្ងៃផង និងទាំងការដឹកជញ្ជូនទំនិញកសិផលផ្សេងៗផង ជាពិសេសភ្ញៀវទេសចរដែលធ្វើដំណើរមកកម្សាន្តនៅតំបន់រមណីយដ្ឋាននានា ក្នុងទឹកដីខេត្តក្រចេះ និងខេត្តជាប់ព្រំប្រទល់គ្នាផងដែរ។

ជាមួយគ្នានោះលោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ដែលបានជួយពន្លឿនដល់ការរៀបចំនីតិវិធី ដើម្បីជំរុញគម្រោងនេះឱ្យលេចចេញជារូបរាងឡើង និងបានស្នើឱ្យក្រុមហ៊ុនសាងសង់យកចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ ស្របតាមស្ដង់ដារបច្ចេកទេស និងប្រកបដោយគុណភាព និងបញ្ចៀសការបង្កផលប៉ះពាល់ដល់បរិស្ថាន ជាពិសេសការបង្ហូរនូវកាកសំណល់ធ្វើឱ្យប៉ះពាល់ដល់ទីជម្រកត្រីផ្សោតទន្លេមេគង្គ​ និងស្នើសុំការយោគយល់ អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នេះផងដែរ។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៧៣ មានប្រវែង ៤៩.៨១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ចាប់ផ្តើមពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) គីឡូម៉ែត្រលេខ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ មានទទឹង ១០ម៉ែត្រ និង១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង ១៥,៧ម៉ែត្រ និង ១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង នៅក្នុងទីប្រជុំជន)។

ចំណែកឯផ្លូវខេត្តលេខ៣៧៧ និង៣៧៧A៖ មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះផ្លូវខេត្តលេខ ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាបស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣.៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវខេត្តទាំង ២ខ្សែនេះនឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ មាន២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង ប្រវែងសរុប ៤១៣ម៉ែត្រ (នៅលើផ្លូវខេត្តលេខ៣៧៧)។

គម្រោងនេះនឹងរួមបញ្ចូលនូវការដាក់លូគ្រប់ប្រភេទ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋាន បច្ចេកទេសផ្លូវថ្នល់ផងដែរ។ កំណាត់ផ្លូវទាំង ៣ខ្សែនេះ នឹងត្រូវអនុវត្តការសាងសង់ដោយ៖ កំណាត់ផ្លូវជាតិលេខ៧៣ សាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ដោយនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន ៦០ខែ ដូចគ្នា ដោយគ្រោងប្រើប្រាស់ថវិកាសាងសង់ សរុបប្រមាណ ៤០លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទាន សម្បទានរបស់ធនាគារពិភពលោក ក្នុងនោះកំណាត់ផ្លូវជាតិលេខ៧៣ ចំណាយថវិកាប្រមាណ ១៣.៩៨លានដុល្លារអាមេរិក និងផ្លូវខេត្តលេខ ៣៧៧ និង៣៧៧A ចំណាយថវិកាប្រមាណ ២៥.៧១លានដុល្លារអាមេរិក រួមបញ្ចូលទាំងការងារបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗផងដែរ៕