(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាគោលការណ៍អាទិភាពមួយក្នុងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៤ ដើម្បីអភិវឌ្ឍប្រទេសជាតិនឹងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាមួយខ្នងមាន៥បន្ទប់ នៅភូមិត្រប់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋនោះ លោកអភិបាលខេត្តបានថ្លែងឲ្យដឹងថា យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិមុន គឺមានផ្លូវ ទឹក ភ្លើង មនុស្ស ប៉ុន្តែក្នុងនោះការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាយុទ្ធសាស្ត្រឥទ្ធិភាពមួយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យកមកអនុវត្តក្នុងទិសដៅដើម្បីអភិវឌ្ឍប្រទេសជាតិ និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង។

លោកអភិបាលខេត្តបានបន្តទៀតថា ការបណ្ដុះបណ្ដាលធនធានមនុស្សនេះ ពោលគឺចាប់ផ្ដើមពីកម្រិតមូលដ្ឋានឡើងទៅ ក្នុងនោះមានដូចជាកម្រិតមតេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងកម្រិតវិទ្យាល័យ ធ្វើយ៉ាងណាឱ្យកូនចៅប្រជាពលរដ្ឋមានសមត្ថភាពមានមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីយកចំណេះដឹងប្រកួតប្រជែងទៅកាន់ទីផ្សារការងារ ឬយកចំណេះដឹងទាំងអស់នោះមកអភិវឌ្ឍនៅមូលដ្ឋាន ដើម្បីធ្វើឲ្យមូលដ្ឋាន ឬសហគមន៍នោះមានការរីកចម្រើន។

លោកអភិបាលខេត្តបានបញ្ជាក់ដែរថា ការអភិវឌ្ឍធនធានមនុស្សនេះ ក្រោយការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងរៀបចំរាជរដ្ឋាភិបាលរួចសម្ដេចតេជោមានគម្រោងរៀបចំនូវយុទ្ធសាស្ត្រ១ គឺផ្ដល់ការបណ្ដុះបណ្ដាលវគ្គជំនាញវិជ្ជាជីវៈដល់យុវជន១លាននាក់ ដែលមានជីវភាពក្រីក្រ ដោយមិនចាំបាច់ឱ្យពួកគាត់សិក្សាដល់កម្រិតមហាវិទ្យាល័យនោះទេ ហើយវគ្គបណ្ដុះបណ្ដាលនោះមានរយៈពេលខ្លី ពោលគឺធ្វើយ៉ាងណាឱ្យយុវជនម្នាក់មានជំនាញ១ ដើម្បីយកទៅប្រកបមុខរបរអាជីវកម្ម ដើម្បីបានប្រាក់ចំណូលយកមកចិញ្ចឹមខ្លួនគាត់ យកមកបន្តការសិក្សាបន្ថែមផង នឹងអាចសល់ចំណូលមួយផ្នែកយកទៅជួយក្រុមគ្រួសាររបស់ពួកគាត់ផងដែរ៕