(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ពីការចាប់ផ្តើមអនុវត្ត ដាក់ឲ្យមានជញ្ជីងចល័តថ្លឹង រថយន្តដឹកទំនិញធុនធ្ងន់ឡើងវិញ ដោយដាក់ថ្លឹងនៅតាមឃ្លាំងទំនិញ រោងចក្រផលិតសម្ភារៈធ្ងន់ៗ កសិដ្ឋាននានា ការដ្ឋានផលិតថ្ម ដើម្បីត្រួតពិនិត្យថ្លឹងទម្ងន់ដឹកជញ្ជូន មុននឹងអាចធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ឬនៅតាមផ្លូវវាងសំខាន់ៗ ដែលអ្នកបើកបររថយន្តដឹកជញ្ជូនលើសទម្ងន់ បានបើកបរគេចវេសមិនចូលស្ថានីយថ្លឹងយានយន្ត។
ជាងនេះទៅទៀតនោះ ក្រសួងសាធារណការ ក៏បានរំលឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ និងសាធារណជនទំាងអស់ ឲ្យចូលរួមអនុវត្តវិធានការនេះ និងរាយការណ៍មកក្រសួងអំពីករណីមន្ត្រីក្រោមឱវាទក្រសួង ដែលបានចាត់ឲ្យទៅបម្រើការងារនៅតាមស្ថានីយជញ្ជីងអចល័ត និងក្រុមជញ្ជីងចល័តបានប្រព្រឹត្ទមិនត្រឹមត្រូវតាមច្បាប់ទោះ ក្នុងភាពណាក៏ដោយ ដូចជាទារលុយ ឬដាក់ខែបង់លុយ ជាថ្នូរនឹងបណ្តែតបណ្តោយឲ្យប្រព្រឹត្តបទល្មើសដឹកជញ្ជូនលើសទម្ងន់ តាមរយៈFacebook ដែលមានអាស័យដ្ឋាន www.facebook.com/mpwt.gov.kh ឬ លេខទូរស័ព្ទ ០២៣ ៤២៦ ១៥៧។
សូមជម្រាបថា គោលបំណងនៃការដាក់ដំណើរជញ្ជីងចល័តនេះ ត្រូវបានក្រសួងសាធារណការ អះអាងថា ដើម្បីការពារទ្រព្យសម្បត្តិសាធារណៈ ផ្លូវថ្នល់ ស្ពាន ព្រមទំាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ផ្លូវថ្នល់ផ្សេងទៀតឲ្យមានចីរភាព ស្ថិតស្ថេរ គង់វង្ស និងជាប់រឹងមាំតាមអាយុកាល បច្ចេកទេសកំណត់ស្របតាមកម្រិតស្តង់ដារនៃការសាងសង់ ក៏ដូចជាចូលរួមចំណែកកាត់បន្ថយការចំណាយថវិកាជាតិក្នុងការជួសជុលថែទំាហេដ្ឋានរចនាសម្ព័ន្ធទំាងនោះឡើងវិញ ដែលខូចមុនកាលកំណត់ផងដែរ៕