(ត្បូងឃ្មុំ)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងចំណោមបក្ខពួក៣នាក់ ដែលរត់ចោលម៉ូតូបន្សល់ទុកAK២ដើម និងវត្ថុតាងមួយចំនួនទៀត កាលពីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយមានស្រាវជ្រាវពីកម្លាំងជំនាញ ទើបនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទិត សំអុល ក្នុងចំណោមបក្សពួកផ្សេងទៀតដែរបានបន្ដរត់គេចខ្លួន។
លោកឧត្តមសេនីយ៍ បន្ដថា ជនសង្ស័យឃាត់បាននេះ ជាមុខសញ្ញាចាស់ ដែលទើបតែចេញពីគុក មិនបានប៉ុន្មានផង ក៏ត្រូវចូលទៅវិញម្ដងទៀត។ បច្ចប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ ដើម្បីជនសង្ស័យផ្សេងទៀមកចាត់ការតាមច្បាប់។
សូមរំលឹកថា នៅយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នៅគោលដៅត្រួតពិនិត្យភូមិលេខ២ ឃុំគងជ័យ ស្រុកអូររាំងឪ មានជនសង្ស័យ៣នាក់ជិះរ៉ឺម៉កម៉ូតូ បានបើកគេចពីសមត្ថកិច្ច ហើយរត់គេចខ្លួន ខណៈសមតត្ថកិច្ចដេញពីក្រោយ។
ក្នុងនោះដែរ ជនសង្ស័យបានបន្សល់ទុុកអាវុធAK47 ផលិតនៅប្រទេសចិន២ដើម បង់២ គ្រាប់៣២គ្រាប់ ដោយច្រកក្នុងការ៉ុង និងកន្ត្រៃកាត់ដែក១ រួមជាមួយសម្ភារៈសំណង់ផ្សេងៗទៀត៕