(ក្រចេះ)៖ កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្ដលេខ៣៧៧ និងផ្លូវខេត្ដលេខ៣៧៧A មានប្រវែងសរុប ៩៨,៤០ គីឡូម៉ែត្រ នឹងត្រូវបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបដែរថា កំណាត់ផ្លូវជាតិលេខ ៧៣៖ មានប្រវែង ៤៩,៨១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ចាប់ផ្តើមពី គីឡូម៉ែត្រលេខ(០+០០) ផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) គីឡូម៉ែត្រលេខ(៤៩+៨១២) នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាព ជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទី ម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ មានទទឹង ១០ម៉ែត្រ និង១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង ១៥,៧ម៉ែត្រ និង ១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង នៅក្នុងទីប្រជុំជន)។

ចំណែកឯផ្លូវខេត្តលេខ៣៧៧ និង៣៧៧A៖ មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះផ្លូវខេត្តលេខ ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាបស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវខេត្តទាំង ២ខ្សែនេះនឹងត្រូវស្តារពង្រីក និងលើកកម្រិត គុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទី ម៉ែត្រ និង ក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ ទី ម៉ែត្រ មាន ទទឹងចាប់ពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ មាន២គន្លង ទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង ប្រវែងសរុប ៤១៣ម៉ែត្រ (នៅលើផ្លូវខេត្តលេខ៣៧៧)។

គម្រោងនេះនឹងរួមបញ្ចូលនូវការដាក់លូគ្រប់ប្រភេទ ព្រមទាំងការបំពាក់ស្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋាន បច្ចេកទេសផ្លូវថ្នល់ផងដែរ។ កំណាត់ផ្លូវទាំង ៣ខ្សែនេះ នឹងត្រូវអនុវត្តការសាងសង់ដោយ៖ កំណាត់ផ្លូវជាតិលេខ៧៣ សាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture និងផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ដោយនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន ៦០ខែ ដូចគ្នា ដោយគ្រោងប្រើប្រាស់ថវិកាសាងសង់ សរុបប្រមាណ ៤០លានដុល្លារ អាមេរិក ក្រោមក្របខ័ណ្ឌឥណទាន សម្បទានរបស់ធនាគារពិភពលោក ក្នុងនោះកំណាត់ផ្លូវជាតិលេខ៧៣ ចំណាយថវិកា ប្រមាណ ១៣.៩៨លាន ដុល្លារអាមេរិក និងផ្លូវខេត្តលេខ ៣៧៧ និង៣៧៧A ចំណាយថវិកាប្រមាណ ២៥.៧១ លានដុល្លារ អាមេរិក រួមបញ្ចូលទាំងការងារបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ផងដែរ៕