(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំរួមសមយុទ្ធនាគមាសកម្ពុជា-ចិន ឆ្នាំ២០២៣ នៅព្រលប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយឧត្តមនាវីឯកវៃ វិនហ៊ួយ (WEI WENHUI) មេបញ្ជាការរងភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។

ការជួបពិភាក្សាការងាររវាងនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងឧត្តមនាវីឯក វៃ វិនហ៊ួយ (WEI WENHUI) បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ច និងបិទសមយុទ្ធនាគមាស ឆ្នាំ២០២៣ លើកទី៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃទី០៥ ខែមេសា​ ឆ្នាំ២០២៣ ខាងមុខនេះ។

សមយុទ្ធនាគមាស ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន» ដែលបានចាប់ផ្តើមបើកសមយុទ្ធកាលពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅទីលានបាញ់គ្រាប់ពិតនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅតំបន់ភ្នំជុំសែនរីករាយ ក្នុងភូមិសាស្ត្រភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានជម្រាបជូនមេបញ្ជាការរងភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន ពីដំណើរការធ្វើសមយុទ្ធរួមគ្នាលើកទី៥ រវាងកងទ័ពទាំងពីរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា សម្រាប់សមយុទ្ធនាគមាសរវាងកងទ័ពទាំងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ ក៏ដូចជាអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទផងដែរ។

ឧត្តមនាវីឯក វៃ វិនហ៊ួយ បានកោតសសើរ និងថ្លែងអំណងគុណកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះកងទ័ពរំដោះប្រជាជនចិន ក្នុងដំណើរចូលរួមធ្វើលំហាត់សមយុទ្ធរួមគ្នា ជាពិសេសដែលបានរៀបចំការធ្វើសមយុទ្ធនាគមាស រវាងកងទ័ពទាំងពីរ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងនាមជាម្ចាស់ផ្ទះ៕