(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្យល់ពីមូលដ្ឋានសំខាន់ៗចំនួន៣ធំៗ ដែលជួយទ្រទ្រង់ដល់ការរៀបចំព្រឹត្តិការណ៍ស៉ីហ្គេម នោះគឺមរតកពហុកីឡដ្ឋានជាតិអូឡាំពិកដែលបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយម ការជួយកសាងពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំនិងស្រស់ស្អាតពីសំណាក់មិត្តចិន ព្រមទាំងការចំណាយធនធាននិងការខិតខំរបស់កម្ពុជាខ្លួនឯង។
ការថ្លែងបែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ស្ដែងឡើងនាឱកាសជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ-កីឡាការិនីជម្រើសជាតិ សរុប៤,២៦៤នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាប់ទាំងមរតកពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាស្នាព្រះហស្ដបន្សល់ទុកដោយព្រះបរមរតនកោដ្ឋ និងជាព្រះប្រមុខរដ្ឋនាសម័យសង្គមរាស្ត្រនិយម រាប់ទាំងការជួយកសាងពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំនិងស្រស់ស្អាតពីសំណាក់មិត្តសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងការចំណាយធនធានថវិកាជាតិនិងការខិតខំរបស់កម្ពុជាខ្លួនឯង ទើបសម្រេចបានសមិទ្ធផលនៅថ្ងៃនេះ និងសម្រាប់ព្រឹត្តិការណ៍ស៉ីហ្គេមនាពេលខាងមុខនោះ។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «យើងរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេមនេះ គួរគប្បីនឹកឃើញទៅដល់គុណូបការៈដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ ដែលព្រះអង្គបានខិតខំកសាងនូវមូលដ្ឋាននៃពហកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាកាលពីជំនាន់នោះ»។
សម្ដេចតេជោបានបន្តថា បើទោះបីជាកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម និងការបែកបាក់នាអតីតកាលក្ដី ប៉ុន្តែពហុកីឡដ្ឋានជាតិអូឡាំពិកនៅតែជាកីឡដ្ឋានដ៏ល្អមួយ ដែលផ្ដល់ឱ្យកូនចៅជំនាន់ក្រោយប្រើប្រាស់សម្រាប់ប្រកួតឆ្នាំ២០២៣នេះ។ សម្ដេចថា «ផឹកទឹក ត្រូវនឹកប្រភព» «ទទួលផ្លែ ត្រូវនឹកអ្នកថែដាំ»។ ក្រៅពីនោះ មរតកកីឡាមួយចំនួនក៏បានស្ថិតនៅជាមួយប្រជាជន និងកីឡាករកម្ពុជាគ្រប់រូបដល់ពេលបច្ចុប្បន្នដែរ។
សម្ដេចតេជោ ហ៊ុន សែន ក៏មិនភ្លេចថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ពិសេសគឺលោកប្រធានាធិបតី ស៉ី ជិនពីង ដែលបានផ្ដល់ជំនួយកសាងពហុកីឡដ្ឋានជាតិមរតកតេជោដ៏ស្រស់ស្អាតសម្រាប់ការប្រកួតស៉ីហ្គេមលើកនេះ។
សម្ដេចតេជោបានថ្លែងទៀតថា «យើងអាចនិយាយដោយត្រង់ៗថា ប្រសិនបើគ្មានជំនួយឧបត្ថម្ភពហុកីឡដ្ឋានជាតិដ៏ធំបែបនេះទេ យើងក៏លំបាកក្នុងការធ្វើជាម្ចាស់ផ្ទះស៉ីហ្គេមដែរ»។
ជាមួយគ្នានោះ កម្ពុជាក៏បានប្រើប្រាស់ថវិកាជាតិសម្រាប់កសាងមូលដ្ឋានកីឡាជាច្រើនផងដែរ ដើម្បីរួមផ្សំសម្រេចឱ្យបាននូវការត្រៀមខ្លួន និងការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះ រហូតសម្រេចបានសមិទ្ធផលកីឡាមកដល់ពេលបច្ចុប្បន្ន។
សូមជម្រាបថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងឈានមកដល់ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ពោលបើគិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ គឺសល់រយៈពេលតែ៣២ថ្ងៃទៀតប៉ុណ្ណោះ។ ចំណែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងចាប់ផ្តើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕